ការនាំចេញរបស់វៀតណាមទៅកាន់ UAE បានកើនឡើងយ៉ាងខ្លាំង (ជិត ៦០%) ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២១
(VOVWORLD) - ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអេមីរ៉ាតអារ៉ាប់រួម (UAE) និងកាតាបានឲ្យដឹងថា៖ អេមីរ៉ាតអារ៉ាប់រួម (UAE) គឺជាដៃគូមួយក្នុងចំណោមដៃគូនាំចេញធំបំផុតរបស់វៀតណាមនៅលើពិភពលោក ហើយក៏ជាដៃគូនាំចេញធំបំផុតរបស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិក។
ដំណើរការផលិតនៅរោងចក្រកែច្នៃគ្រឿងសមុទ្រ( រូបថត៖ TTXVN) |
យោងតាមតួរលេខថ្មីៗបំផុតរបស់អគ្គនាយកដ្ឋានគយវៀតណាមបានឲ្យដឹងថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង UAE សម្រេចបាន ៨០៩ លានដុល្លារអាមេរិ កើន ៥៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ។ ក្នុងនោះ តម្លៃប្រាក់នាំចេញរបស់វៀតណាមទៅកាន់ UAE សម្រេចបានប្រមាណ ៧៣៧ លានដុល្លារអាមេរិក កើនជិត ៦០% ហើយការនាំចូលសម្រេចបាន ៧២ លានដុល្លារអាមេរិក កើន ៤៤% ។
ទាក់ទងនឹងរចនាសម្ព័ន្ធទំនិញនាំចេញនោះ ទូរស័ព្ទគ្រប់ប្រភេទ និងគ្រឿងបន្លាស់នៅតែជាមុខទំនិញនាំចេញសំខាន់របស់វៀតណាមទៅកាន់ទីផ្សារនេះ ដោយសម្រេចបាន ៥៥១ លានដុល្លារអាមេរិក កើនជិត ១០៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយស្រូបយក ២/៣ នៃតម្លៃប្រាក់នាំចេញសរុប។
ទាក់ទងនឹងរចនាសម្ព័ន្ធទំនិញនាំចូលនោះ ទំនិញនាំចូល ភាគច្រើនរបស់វៀតណាមពី UAE គឺសុទ្ធតែមានកំណើនល្អ។ ដូច្នេះ វត្ថុធាតុដើមប្លាស្ទិចគឺជាមុខទំនិញនាំចូលសំខាន់ ពីប្រទេសមជ្ឈឹមបូព៌ានេះ ដោយសម្រេចបាន ៤១,៨ លានដុល្លារអាមេរិក កើន ៦៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មក គឺទំនិញចំណីសត្វ និងវត្ថុធាតុដើម ដោយសម្រេចបាន ៨,៧ លានដុល្លារអាមេរិក កើន ៩% ៕