ការនាំចេញវាយនភ័ណ្ឌមានការងើបឡើងវិញគួរឲ្យចាប់អារម្មណ៍
(VOVWORLD) - វិស័យនាំចេញវាយនភណ្ឌរបស់វៀតណាមបានជំនះរាល់ការលំបាក ដោយរក្សាបាននូវសន្ទុះកំណើនដ៏ល្អនៅឆ្នាំ ២០២១ ប៉ាន់ស្មានថាទទួលបានចំនួន ៣៩ ពាន់លានដុល្លារអាមេរិក។
វិស័យនាំចេញវាយនភណ្ឌរបស់វៀតណាមបានជំនះរាល់ការលំបាក ដោយរក្សាបាននូវសន្ទុះកំណើនដ៏ល្អនៅឆ្នាំ ២០២១ ប៉ាន់ស្មានថាទទួលបានចំនួន ៣៩ ពាន់លានដុល្លារអាមេរិក ហើយត្រូវបានចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះរាល់ការលំបាករបស់វិស័យវាយនភណ្ឌវៀតណាម ក្នុងបរិបទនៃល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានទំនោរធ្លាក់ចុះ និងរងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាត កូវីដ ១៩។ នេះគឺជាព័ត៌មានគួរឲ្យចាប់អារម្មណ៍នៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២១ របស់សមាគមវាយនភណ្ឌវៀតណាម។
ទោះបីជាត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវិដ ១៩ ជាពិសេសនៅក្នុងត្រីមាសទី ៣ ក៏ដោយ ប៉ុន្តែការនាំចេញវាយនភណ្ឌនិងកាត់ដេររបស់វៀតណាម នៅតែរក្សាបាននូវសន្ទុះកំណើនដ៏ល្អ ដែលប៉ាន់ស្មានថា ទទួលបានចំនួន ៣៩ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ កើនឡើង ១១.២% បើធៀបនឹងឆ្នាំ ២០២០ និងកើនឡើង ០.៣% បើធៀបនឹងឆ្នាំ ២០១៩។ បច្ចុប្បន្ននេះ អង្គភាពអាជីវកម្មមួយចំនួនកំពុងផ្តោតលើដំណោះស្រាយដើម្បីភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងប្លុក ពីព្រោះលើសពីពេលណាទាំងអស់ ចាំបាច់ត្រូវមានភាពម្ចាស់ការលើប្រភពវត្ថុធាតុដើមថ្មីៗ ដើម្បីធានាថា ខ្សែសង្វាក់ផ្គត់ផ្គង់មិនត្រូវបានអាក់ខាន ដោយទាញយកអត្ថប្រយោជន៍ពីច្បាប់ប្រភពដើមនៃបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។ លោក Vu Duc Giang ប្រធានសម្ព័ន្ធសមាគមវាយនភណ្ឌនិងកាត់ដេរវៀតណាមបានវាយតម្លៃថា៖ “សហគ្រាសវាយនភណ្ឌទាំងមូលបានបង្កើតចក្ខុវិស័យ និងយុទ្ធសាស្រ្តវិនិយោគដែលបំពេញតាមស្តង់ដារវាយតម្លៃរបស់អតិថិជនក្នុងបរិបទនៃការរៀបចំផលិតកម្ម ប៉ុន្តែនៅតែត្រូវវាយតម្លៃការអនុលោមតាមតម្រូវការរបស់អតិថិជន ។ ជាពិសេសដំណោះស្រាយលើចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វិស័យវាយនភណ្ឌ និងកាត់ដេរវៀតណាម។ ទាំងនោះជាបញ្ហាដែលវិស័យវាយនភ័ណ្ឌត្រូវជម្នះទាល់តែបាន ហើយយើងនៅតែមានការបញ្ជាទិញជាច្រើនដែរ”៕