ការបោះឆ្នោតជ្រើសតាំងប្រធានសភាជាន់ទាបអាមេរិកមិនទាន់បញ្ចប់នៅឡើយក្រោយពីការបោះឆ្នោតចំនួន ៩ ជុំជាប់ៗគ្នា
(VOVWORLD) - សភាជាន់ទាបអាមេរិកមិនទាន់បោះឆ្នោតជ្រើសតាំងប្រធានថ្មីនៅឡើយទេ ក្រោយរយៈពេល ៣ ថ្ងៃជាប់ៗគ្នាជាមួយនឹងការបោះឆ្នោតចំនួន ៩ ជុំរួចមក។
មេដឹកនាំគណបក្សសាធារណរដ្ឋក្នុងសភាជាន់ទាបអាមេរិក លោក Kevin McCarthy ឆ្លើយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំសម្ងាត់របស់គណបក្សនេះនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣ ខែមករា។ (រូបថត៖ Reuters) |
នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលកន្លងទៅ គណបក្សសាធារណរដ្ឋបានឈ្នះសភាជាន់ទាប ដូច្នេះការបោះឆ្នោតជ្រើសតាំងប្រធានសភាជាន់ទាប លើកនេះ គឺផ្ដោតទៅលើបេក្ខជនលោក Kevin McCarthy ដែលធ្លាប់ជាមេដឹកនាំក្រុម ភាគតិចនៅស្ថាប័ននេះ។ យ៉ាងណាមិញ លោក McCarthy មិនទទួលបានសំឡេងគាំទ្រចាំបាច់ចំនួន ២១៨ នោះទេ ក្រោយពីការបោះឆ្នោតចំនួន ៦ ជុំ ក្នុងពីរថ្ងៃជាប់គ្នាគឺ ថ្ងៃទី ៣ និងទី ៤ ខែមករា។ ចូលដល់ថ្ងៃទីបី គិតត្រឹមរសៀលថ្ងៃទី ៥ ខែមករា (ម៉ោង នៅអាមេរិក) ជាមួយនឹងការបោះឆ្នោតចំនួន ៣ ជុំជាប់ៗគ្នា សេណារីយ៉ូនៅតែមិនផ្លាស់ ប្តូរនោះឡើយ ទោះបីជាលោក McCarthy បានចរចាហើយធ្វើសម្បទានមួយចំនួន ជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋចំនួន ២០ នាក់ ដែលមិនបានបោះឆ្នោត ឲ្យលោកក៏ដោយ។
លោក McCarthy ធ្លាប់ជាមេដឹកនាំក្រុមភាគតិចនៅក្នុងសភាជាន់ទាប ហើយ កំពុងរត់ប្រណាំងដើម្បីក្លាយជាប្រធានស្នងបន្តលោកស្រី Nancy Pelosi ជាមុខតំណែង ដែលមានអំណាចធំបំផុតទីពីរ នៅក្នុងបញ្ជីឈ្មោះស្នងតំណែងប្រធានាធិបតី។ លើក ចុងក្រោយដែលសភាជាន់ទាបអាមេរិកបានបរាជ័យក្នុងការបោះឆ្នោតជ្រើសតាំង ប្រធាននៅក្នុងការបោះឆ្នោតលើកដំបូងគឺនៅឆ្នាំ ១៩២៣ នៅពេលដែលស្ថាប័ននេះត្រូវ ឆ្លងកាត់ការបោះឆ្នោតចំនួន ៩ ជុំដើម្បីជ្រើសតាំងមេដឹកនាំថ្មី។
ការដែលមិនអាចបោះឆ្នោតបានប្រធានសភាជាន់ទាប ក៏បានបង្ហាញ ឲ្យឃើញការបែកបាក់គ្នានៅក្នុងគណបក្សសាធារណៈរដ្ឋ ព្រមទាំងពន្យាពេលកិច្ចខិតខំ ប្រឹងប្រែងរបស់គណបក្សនេះក្នុងការអនុវត្តយ៉ាងឆាប់រហ័សនូវអាទិភាពនានា រួមទាំង ការស៊ើបអង្កេតទៅលើអាជ្ញាធរនិងក្រុមគ្រួសារប្រធានា ធិបតីលោក Joe Biden ក៏ដូច ជាបញ្ហាសេដ្ឋកិច្ច ឯករាជ្យថាមពល និងសន្តិសុខព្រំដែនផងដែរ៕