ការបោះឆ្នោតនៅអាមេរិក៖ លោក Donald Trump អំពាវនាវឱ្យមានសាមគ្គីភាពបន្ទាប់ពីជ័យជម្នះ "Super Tuesday"
(VOVWORLD) - អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ៦ ខែមីនា នៅរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida បានថ្លែងសុន្ទរកថាទៅកាន់ម្ចាស់ឆ្នោត បន្ទាប់ពីលោកបានទទួលជ័យជម្នះដ៏លើសលប់នៅក្នុងការបោះឆ្នោតបឋមនៅ " Super Tuesday " របស់គណបក្សសាធារណរដ្ឋ។
លោក Trump បានថ្លែងអំណរគុណដល់អ្នកគាំទ្រ ហើយបានហៅថា នេះជាជ័យជម្នះដ៏ធំមួយ; ទន្ទឹមនឹងនោះ លោកបានអំពាវនាវឱ្យគណបក្សសាធារណៈរដ្ឋ និងសហរដ្ឋអាមេរិករួបរួមគ្នា ហើយបានរំលឹកឡើងវិញនូវជោគជ័យមួយចំនួននៅក្នុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក (ដំណាក់កាល ២០១៦-២០២០) និងបង្ហាញពីទស្សនៈមួយចំនួនលើគោលនយោបាយការបរទេសនិងកិច្ចការផ្ទៃក្នុង។
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងព្រឹត្តិការណ៍បោះឆ្នោត "Super Tuesday" ក្នុងរដ្ឋ Florida នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
លោក Trump បានចាត់ទុកថា ជម្លោះរវាងក្រុមហាម៉ាស - អ៊ីស្រាអែល រវាងរុស្ស៊ី - អ៊ុយក្រែន និងអតិផរណាខ្ពស់នៅអាមេរិក ឬអសន្តិសុខព្រំដែនមិនគួរត្រូវបានអនុញ្ញាតឱ្យកើតឡើងនោះទេ។ បេក្ខជនរូបនេះបានសន្យាថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីឡើងវិញ លោកនឹងធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត ទាំងក្នុងស្រុក និងក្រៅប្រទេស។
មុននោះ លោក Trump បានទទួលជ័យជម្នះនៅក្នុងរដ្ឋចំនួន ១៤/១៥ នៅថ្ងៃបោះឆ្នោត "Super Tuesday" ខណៈដែលគូប្រជែងគឺអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានទទួលជ័យជម្នះតែមួយគត់នៅក្នុងការបោះឆ្នោតនៅរដ្ឋ Vermont ។ ជ័យជម្នះយ៉ាងលើសលប់នៅថ្ងៃបោះឆ្នោតដ៏សំខាន់នេះ បានជួយឱ្យលោក Trump បង្កើនចំនួនសម្លេងគាំទ្រសរុបដល់ ១.០១៥ សន្លឹក ដោយកាន់តែខិតមកជិតគោលដៅទទួលបាន ១.២១៥ សំឡេង ដើម្បីក្លាយជាបេក្ខជនតំណាងឱ្យគណបក្សសាធារណរដ្ឋ៕