ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់៖ បេក្ខជន Ebrahim Raisi ទទួលបានជ័យជំនះ
(VOVWORLD) - កាលពីថ្ងៃទី ១៩ ខែមិថុនា ចៅក្រមអភិរក្សនិយម លោក Ebrahim Raisi ទទួលបានជ័យជំនះក្នុងការបោះឆ្នោត ប្រធានាធិបតីដែលបានប្រព្រឹត្តិទៅមួយថ្ងៃមុននេះនៅអ៊ីរ៉ង់។ ជាមួយនឹងសម្លេងឆ្នោតប្រមាណ ៩០% ត្រូវបានរាប់នោះ លោក Raisi ទទួលបានសម្លេងគាំទ្រចំនួន ៦២% នៃសម្លេងឆ្នោតសរុប ពោគឺនាំមុខគូប្រជែង ។ បេក្ខជនទាំង ៣ នាក់ទៀតដែលបានឈរឈ្មោះ បោះឆ្នោតបានទទួលបរាជ័យ។
លោក Ebrahim Raisi ទទួលបានជ័យជំនះក្នុងការបោះឆ្នោត ប្រធានាធិបតី (រូបថត៖ WSJ ) |
លោកប្រធានាធិបតីជិតផុតអាណត្តិ Hassan Rouhani បានផ្ញើលិខិតអបអរសាទរចំពោះបក្ខជនឈ្នះឆ្នោត។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានប្រកាសថាចៅក្រម លោក Ebrahim Raisi បានក្លាយជាប្រធានាធិបតីថ្មី។ មេដឹកនាំកំពូល អ៊ីរ៉ង់លោក Ali Khamenei ក៏បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសដោយបានហៅវាថាជាជោគជ័យសម្រាប់ប្រទេសជាតិ។
នៅថ្ងៃដដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានអបអរសាទរចំពោះជ័យជំនះរបស់លោក Ebrahim Raisi ក្នុងការបោះឆ្នោតប្រធានាធិបតីនៅអ៊ីរ៉ង់។ លោកប្រធានាធិបតី Putin បានសម្តែងក្តីសង្ឃឹមសម្រាប់ "ការអភិវឌ្ឍថែមទៀតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានលក្ខណៈស្ថាបនា" រវាងទីក្រុងតេហេរ៉ង់និងទីក្រុងម៉ូស្គូ។
ពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ១៩ ខែមិថុនា ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននឹងបន្តពិភាក្សាជាមួយសម្ព័ន្ធមិត្តនិងដៃគូ ស្តីពីការស្តារឡើងវិញនូវផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ។ យោងតាមក្រសួងការបរទេស អាមេរិកថាកិច្ចពិភាក្សាដោយប្រយោលនៅទីក្រុងវីយែន (អូទ្រីស) រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្រោមការសម្របសម្រួលរបស់អ្នកការទូតអឺរ៉ុបទទួលបានលទ្ធផលប្រកបដោយអត្ថន័យ។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានអបអរសាទរចំពោះលោក Ebrahim Raisi ចំពោះជ័យជំនះរបស់លោកហើយជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរនឹងត្រូវបានលើកកម្ពស់ក្នុង អាណត្តិរបស់លោក Raisi ផងដែរ៕