ការផ្ទុះនៅស្រីលង្កា- រដ្ឋមន្ត្រីការពារជាតិស្រីលង្កាបានលាលែងពីតំណែង
(VOVWORLD) - នាថ្ងៃទី ២៥ ខែមេសា រដ្ឋមន្រ្តីការពារជាតិស្រីលង្កាលោក Hemasiri Fernando បានផ្ញើលិខិតលាលែងពីតំណែងដល់ប្រធានាធិបតីស្រីលង្កា លោក Maithripala បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់ដែលសំដៅទៅលើសណ្ឋាគារចំនួន ៣ និងព្រះវិហារចំនួន ៣ កន្លែងទៀតនាថ្ងៃទី ២១ ខែមេសា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៥៩ នាក់ត្រូវបានស្លាប់ និង ៥០០នាក់ទៀតរងរបួសផងដែរ។
រដ្ឋមន្រ្តីការពារជាតិស្រីលង្កាលោក Hemasiri Fernando |
យោងទៅតាមលោក Fernando បានឲ្យដឹងថា ក្នុងនាមជាមេបញ្ជាការកងកម្លាំងការពារជាតិ លោកត្រូវតែទទួលខុសត្រូវមួយចំណែកនៅពេលដែលលោកមិនអាចទប់ស្កាត់ការវាយប្រហារបង្ហូរឈាមនេះបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Fernando ក៏បានអះអាងថាស្ថាប័នសន្តិសុខស្រីលង្កាបានធ្វើការប្រតិកម្មយ៉ាងឆាប់រហ័សចំពោះព័ត៌មានអំពីហានិភ័យនៃការវាយប្រហារមុនពេលការបំផ្ទុះគ្រាប់បែកបានកើតឡើងយ៉ាងពិតប្រាកដ។ មុននេះ ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានសន្យាធ្វើកំណែទម្រង់រចនាសម្ពន្ធ័ប្រព័ន្ធសន្តិសុខជាតិ ដោយផ្លាស់ប្តូរថ្នាក់ដឹកនាំនៃកងកម្លាំងសន្តិសុខនិងការពារជាតិរបស់ប្រទេសនេះដោយាសារទទួលបានបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារដោយគ្រាប់បែកដូចពោលខាងលើ ទោះបីជាស្ថានប័នសន្តិសុខទទួលបានព័ត៌មានជាមុនក៏ដោយ៕