ការផ្ទុះរាលដាលជំងឺរលាកផ្លូវដង្ហើម COVID-19 បន្តវិវឌ្ឍន៍យ៉ាង ស្មុគស្មាញនៅ ប្រទេសជាច្រើន
(VOVWORLD) - នាបច្ចុប្បន្ននេះ តំបន់រដ្ឋបាលពិសេសហុងកុង បានកត់សម្គាល់ ករណីឆ្លងវីរុសចំនួន ៧៩ នាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួន ២ នាក់ និង ១៩ នាក់ទៀតបានជាសះស្បើយ។
សកម្មភាពបាញ់ថ្នាំសម្រាប់វីរុស (រូបថត៖ EPA) |
កូរ៉េខាងត្បូងអ៊ីតាលីបានក្លាយជាចំណុចស្នូលថ្មី នៃការផ្ទុះរាលដាល ជំងឺរលាកផ្លូវដង្ហើម COVID-19 ដែលមានចំនួនករណីឆ្លងថ្មី និងស្លាប់បានកើនឡើងយ៉ាងខ្លាំង។ នាថ្ងៃទី ២៤ ខែកុម្ភ មានករណីស្លាប់ចំនួន ២ នាក់ នៅកូរ៉េខាងត្បូង ដោយសារឆ្លងវីរុស SARS-CoV-2 ដែលជាហេតុធ្វើឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៨ នាក់។ ចំនូនករណីឆ្លង វីរុស SARS-CoV-2 ក៏កើនឡើងដល់ ៨៣៣ នាក់ ដែលក្នុងនោះ មាន ៦៨១ ករណី នៅទីក្រុង Daegu និងខេត្ត Gyeongbuk។ យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូងបាន ឲ្យដឹង ថា មានប្រទេសចំនួន ១៥ បានហាមឃាត់ឬរឹតបន្តឹងការចូលឆ្លងដែនពីកូរ៉េខាងត្បូង សំដៅទប់ទល់នឹងការរីករាលដាល COVID-19។
មជ្ឈដ្ឋានសុខាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) នាថ្ងៃទី ២៤ ខែកុម្ភ បានជូនដំណឹងថា មានករណីវិជ្ជមាន SARS-CoV-2 ចំនួន ២ នាក់ បន្ថែមទៀត ក្នុងចំណោមមនុស្ស ដែលទើបតែវិលត្រឡប់ពីនាវាទេសចរណ៍ Diamond Princess ក្រោយរយៈពេល ២ សប្ដាហ៍ ដាក់ឲ្យនៅដាច់ដោយឡែកនៅដែនសមុទ្រ Yokohama នៃប្រទេសជប៉ុន។ នាបច្ចុប្បន្ននេះ តំបន់រដ្ឋបាលពិសេសហុងកុង បានកត់សម្គាល់ ករណីឆ្លងវីរុសចំនួន ៧៩ នាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួន ២ នាក់ និង ១៩ នាក់ទៀតបានជាសះស្បើយ។
នាថ្ងៃដដែល អ៊ីតាលីក៏បានបញ្ជាក់ពីករណីស្លាប់ទី ៧ ដោយសារ វីរុស SARS-CoV-2 នៅភាគខាងជើងនៃប្រទេស។ នាបច្ចុប្បន្ននេះ អ៊ីតាលីត្រូវបានចាត់ទុកថាជាប្រទេសដែលផ្ទុះរាលដាល COVID-19 ខ្លាំងក្លាបំផុតនៅអឺរ៉ុប ដែលមានចំណុចស្នូលនៅតំបន់ Lombardy និង Veneto ហើយចំនួនករណីឆ្លងជំងឺសរុបបានកើនជាង ២២០ នាក់។
នៅមជ្ឈឹមបូព៌ា អ៊ីរ៉ង់ជាប្រទេសដែលមានករណីស្លាប់ច្រើនបំផុត ដែលមានករណីស្លាប់ចំនួន ១២ នាក់ និងមានករណីឆ្លង វីរុស SARS-CoV-2 ចំនួន ៦១ នាក់ ដែលភាគច្រើនគឺនៅទីក្រុង Qom។
នៅចំពោះ ស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាថ្ងៃទី ២៤ ខែកុម្ភៈបានអំពាវនាវដល់បណ្តាប្រទេសនានាទប់ស្កាត់ការរីករាលដាលនៃ Covid-19 កុំទុកឲ្យវាប្រែក្លាយទៅជាវិបត្តិ។ លោករូបនេះ ក៏បានអំពាវនាវឲ្យឆ្លើយតបតាមតម្រូវការថវិកា ចំនួន ៦៧៥ លានដុល្លារអាមេរិក របស់អង្គការសុខភាពពិភពលោក សំដៅធ្វើការចំណាយលើការទប់ទល់នឹងCovid-19 ក្នុងរយៈពេល ៣ ខែ៕