ការផ្លាស់ប្តូរឌីជីថលគឺជៀសមិនរួច ដែលផ្សារភ្ជាប់នឹងឱកាសផងនិងបញ្ហាប្រឈមផង
(VOVWORLD) - សិក្ខាសាលានិងពិព័រណ៍សុវត្ថិភាពព័ត៌មានតំបន់ភាគខាងត្បូងឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ខែសីហា នៅទីក្រុងហូជីមិញ។
សិក្ខាសាលាក្រោមប្រធានបទ "បច្ចេកវិទ្យាថ្មី និងសុវត្ថិភាពអ៊ីនធឺណែតក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិមិត្ត" បានលើកឡើងពីភាពចាំបាច់នៃការផ្លាស់ប្តូរឌីជីថល ការអនុវត្តបញ្ញាសិប្បនិមិត្ត និងការដោះស្រាយហានិភ័យសុវត្ថិភាពព័ត៌មានយ៉ាងពេញលេញមុននឹងពេលប្រតិបត្តិ។
ការផ្លាស់ប្តូរឌីជីថលគឺជៀសមិនរួច ដែលផ្សារភ្ជាប់នឹងឱកាសផងនិងបញ្ហាប្រឈមផង។ (រូបថត៖ VOV) |
សមាគមសន្តិសុខព័ត៌មានវៀតណាម (VNISA) បានឲ្យដឹងថា ឆ្នាំនេះបានកត់ត្រាការបង្កើនល្បឿននៃនិន្នាការផ្លាស់ប្តូរឌីជីថលដែលបានចាប់ផ្តើមកាលពីប៉ុន្មានឆ្នាំមុនមក។ រហូតមកដល់ពេលនេះ មូលដ្ឋាន ផ្នែក វិស័យ និងអាជីវកម្មជាច្រើនដឹងថាការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួច។ នេះគឺជាដំណើរការមួយសម្រាប់ការផ្លាស់ប្តូរគំរូធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅក្នុងលំហឌីជីថល។ លើសពីនេះទៅទៀត ដំណើរការផ្លាស់ប្តូរឌីជីថលក៏នាំមកនូវយុទ្ធសាស្ត្រថ្មី បច្ចេកវិទ្យាថ្មី និងហានិភ័យថ្មីដែរ។ ការដាក់ពង្រាយបច្ចេកវិទ្យា និងសេវាកម្មថ្មីនៅក្នុងអ៊ីនធឺណេត ក្រៅពីប្រសិទ្ធភាព និងភាពងាយស្រួល គួរតែប្រុងប្រយ័ត្នចំពោះលទ្ធភាពដែលបច្ចេកវិទ្យានេះត្រូវបានកេងប្រវ័ញ្ចដោយខុសច្បាប់។ លោក Pham Huy Hoang អនុប្រធាន VNISA ភាគខាងត្បូងនិងជាប្រធានគណៈរៀបចំសិក្ខាសាលាបានឲ្យដឹងថា៖ “យើងចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលកើតមកពីបច្ចេកវិទ្យាថ្មី។ ក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថលនេះ ការផ្លាស់ប្តូរឌីជីថលនិងបញ្ញាសិប្បនិមិត្តបានបើកឱកាសជាច្រើន ប៉ុន្តែក៏ដើរទន្ទឹមជាមួយបញ្ហាប្រឈមកាន់តែខ្ពស់ ដែលទាមទារឲ្យមានការផ្លាស់ប្តូរ និងការចែករំលែក ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន”៕