ការពារសន្តិសុខ សុវត្ថិភាពដែនសមុទ្រ សេរីភាពអាកាសចរណ៍គឺជាផលប្រយោជន៍របស់ប្រទេសទាំងអស់លើពិភពលោក
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត) បានបើកតាមទម្រង់អនឡាញ ក្រោមការដឹកនាំរបស់ប្រទេសប្រ៊ុយណេ។
លោករដ្ឋមន្ត្រី Phan Van Giang បានចូលរួមពិធីបើកកិច្ចប្រជុំ ADMM ចង្អៀត (រូបថត៖ Phu Son/qdnd.vn) |
កិច្ចប្រជុំនេះបានធ្វើបច្ចុប្បន្នភាពស្ថានភាពកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំ ADMM លើកទី ១៥និងកិច្ចប្រជុំ ADMM+ លើកទី ៨; ផ្លាស់ប្តូរទស្សនៈស្តីពីទិសដៅយុទ្ធសាស្ត្ររបស់ ADMM ក្នុងឱកាសខួបលើកទី ១៥ របស់ ADMM។
ថ្លែងមតិនៅទីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈប្រតិភូវៀតណាមបានអះអាងនូវតួនាទីរបស់ ADMM ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ដែលបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសន្ទនានិងកិច្ចពិគ្រោះយោបល់នៅថ្នាក់រដ្ឋមន្ត្រីការពារជាតិក្នុងអាស៊ានលើបណ្តាបញ្ហាយុទ្ធសាស្ត្រ ការពារជាតិនិងសន្តិសុខ តាមនោះ រួមចំណែកបង្កើនការជឿទុកចិត្តនិងកសាងការយល់ដឹងរួមអំពីបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។
ក្នុងបរិបទដែលប្រទេសធំៗ បង្កើតយន្តការពហុភាគីនិងយុទ្ធសាស្ត្រថ្មីៗ ADMM បាននិងកំពុងបន្តខិតខំបង្ហាញពីតួនាទីនិងឋានៈរបស់ខ្លួន ធានាឱ្យមានតុល្យភាពរវាងផលប្រយោជន៍ខាងក្នុងនិងនៅខាងក្រៅ ADMM+ ដោយធានាថា បណ្តាប្រទេសមិនមែនអាស៊ានទទួលខុសត្រូវចំពោះបញ្ហារួមនៃតំបន់។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា៖ “ការការពារសន្តិសុខ សុវត្ថិភាពដែនសមុទ្រ និងសេរីភាពអាកាសចរណ៍ គឺជាផលប្រយោជន៍របស់ប្រទេសទាំងអស់ក្នុងពិភពលោក ដូច្នេះហើយ អាស៊ានចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍របស់ខ្លួនចំពោះសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) ជំរុញយ៉ាងខ្លាំងក្លាការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការគោរពកិច្ចសហប្រតិបត្តិការអន្តរជាតិ ការប្រព្រឹត្តប្រកបដោយទំនួលខុសត្រូវ មានការអត់ធ្មត់ គ្មានសកម្មភាពដែលបង្កភាពតានតឹងឬភាពស្មុគស្មាញដល់ស្ថានភាព អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (DOC) និងជំរុញឱ្យបញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាពនិងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ”។
គណៈប្រតិភូវៀតណាមបានចូលរួមពិធីបើកកិច្ចប្រជុំ ADMM ចង្អៀត ដែលតភ្ជាប់បណ្តាញពីទីក្រុងហាណូយ (រូបថត៖ Phu Son/qdnd.vn) |
ទាក់ទិននឹងជំងឺរាតត្បាតកូវីដ ១៩ ប្រធានគណៈប្រតិភូវៀតណាមបានអះអាងនូវសមត្ថភាពរបស់ ADMM ក្នុងការសម្របខ្លួនទៅនឹងស្ថានភាពថ្មី រួមទាំងការរៀបចំសកម្មភាពតាមអ៊ីនធឺណិតនិងដោយផ្ទាល់ ស្របតាមការយល់ឃើញជាទូទៅរបស់ថ្នាក់ដឹកនាំនៅតាមបណ្តាកិច្ចប្រជុំកំពូលលើកទី ៣៨ និង ៣៩ នាពេលកន្លងមក គឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របខ្លួនដោយសុវត្ថិភាពទៅនឹងភាពធម្មតាថ្មី ដោយបើកទ្វារបន្តិចម្តងៗ ដើម្បីធានាបាននូវការស្តារសេដ្ឋកិច្ច-សង្គម៕