ក្រុម G7 បានឯកភាពលើគោលជំហរអំពី WHO និងបានបើកទ្វារសេដ្ឋកិច្ចឡើងវិញ
(VOVWORLD) - នៅក្នុងកិច្ចប្រជុំកំពូលនេះ សេតវិមានបានឲ្យដឹងថា មេដឹកនាំក្រុម G7 បានយល់ព្រម សម្របសម្រួលគ្នាដើម្បីបើកខឿនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។
នាថ្ងៃទី ១៦ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) ប្រធានាធិបតីអាមេរិកលោក Donald Trump បានបើកកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ ជាមួយមេដឹកនាំដទៃទៀតនៃក្រុមប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មឈានមុខគេនៅលើពិភពលោក (G7) រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ក្នុងបរិបទនៃខឿនសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក កំពុងទន្ទឹងរងចាំបញ្ចប់ស្ថានភាពជាប់គាំងសេដ្ឋកិច្ច ដោយសារតែកិច្ចខិតខំប្រឹងប្រែងរាំងស្កាត់ជំងឺរាតត្បាត COVID-19។
នៅក្នុងកិច្ចប្រជុំកំពូលនេះ សេតវិមានបានឲ្យដឹងថា មេដឹកនាំក្រុម G7 បានយល់ព្រម សម្របសម្រួលគ្នាដើម្បីបើកខឿនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។ សេតវិមានក៏បានឲ្យដឹងថា “មេដឹកនាំ G7 បានយល់ព្រមរក្សាការប្តេជ្ញាចិត្តក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាបានការឆ្លើយតបជាសកលដ៏រឹងមាំ និងមានលក្ខណៈសម្របសម្រួល ចំពោះវិបត្តិសេដ្ឋកិច្ចនិងគ្រោះមហន្តរាយនេះ”។
ក្រៅពីនោះ សេតវិមានបានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចប្រជុំនេះ ក្រុមមេដឹកនាំបានពិភាក្សាអំពីអង្គការសុខភាពពិភពលោក (WHO) មេដឹកនាំនៃប្រទេស G7 បានសម្តែងការគាំទ្រចំពោះ “ការពិនិត្យឡើងវិញនិងការកែទម្រង់យ៉ាងហ្មត់ចត់” នូវស្ថាប័ននេះ៕