ក្រុម Normandy ជួបប្រជុំគ្នានៅទីក្រុងប៉ារីស ដើម្បីនាំចេញសេចក្តីថ្លែងការណ៍រួមលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ
(VOVWORLD) - កិច្ចប្រជុំទីប្រឹក្សាការទូតតាមទម្រង់ Normandy រវាងមន្ត្រីការទូតបារាំង-អាល្លឺម៉ង់-រុស្ស៊ី-អ៊ុយក្រែន នាថ្ងៃទី ២៦ ខែមករា នៅទីក្រុងប៉ារីស សំដៅបន្ធូរបន្ថយភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន បច្ចុប្បន្នបានបញ្ចប់ជាផ្លូវការបន្ទាប់ពីការពិភាក្សាអស់រយៈពេលជាង ៨ ម៉ោង ដោយមិនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ណាមួយឡើយ ប៉ុន្តែ ភាគីទាំងបួនបានឯកភាពគ្នា នឹងជួបប្រជុំគ្នាម្តងទៀតក្រោយរយៈពេល ២សប្តាហ៍ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
តំណាងភាគីទាំងបួនដែលបានចូលរួមកិច្ចប្រជុំនៅទីក្រុងប៉ារីស។ (រូបថត៖ Elysees) |
កិច្ចប្រជុំរវាងលោក Dmitry Kozak មន្ត្រីទទួលបន្ទុកកិច្ចការអ៊ុយក្រែននៃរដ្ឋាភិបាលរុស្ស៊ី លោក Andriy Yermak ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រី្តនៃវិមានប្រធានាធិបតីអ៊ុយក្រែន និងទីប្រឹក្សាការទូតជាន់ខ្ពស់មកពីបារាំង និងអាល្លឺម៉ង់ត្រូវបានបញ្ចប់ បន្ទាប់ពីរយៈពេល៨ម៉ោងកន្លះនៃការពិភាក្សា នៅយប់ថ្ងៃទី២៦ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានវិមានប្រធានាធិបតីបារាំងនាំចេញបន្ទាប់ពីកិច្ចប្រជុំ ភាគីទាំងបួនបានអះអាងថា កិច្ចព្រមព្រៀងទីក្រុង Minsk នឹងនៅតែជាមូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សាតាមទម្រង់ Normandy ហើយបានសន្យា កាត់បន្ថយការខ្វែងគំនិតគ្នាបច្ចុប្បន្ន នៅក្នុងការចរចាបន្ទាប់។
ភាគីទាំងបួនក៏គាំទ្រការគោរពដោយគ្មានលក្ខខណ្ឌ ចំពោះបទឈប់បាញ់ក៏ដូចជាការអនុលោមយ៉ាងពេញលេញ នូវវិធានការពង្រឹងបទឈប់បាញ់ដែលបានដាក់ចេញកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ដោយមិនគិតពីការខ្វែងគំនិតគ្នាទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ។ ជាទីបំផុត ភាគីទាំងបួនបានយល់ព្រម នឹងជួបប្រជុំគ្នាម្ដងទៀត ក្រោយរយៈពេលពីរសប្ដាហ៍នៅរដ្ឋធានីប៊ែរឡាំងប្រទេសអាល្លឺម៉ង់៕