ក្រុមប្រឹក្សា CPTPP ពិចារណាលើសំណើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេស
(VOVWORLD) - នៅថ្ងៃទី ២ ខែមិថុនា សម័យប្រជុំលើកទី ៤ នៃក្រុមប្រឹក្សាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងស្តារសេដ្ឋកិច្ចជប៉ុនលោក Nishimura Yasutoshi។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម Nguyen Hong Dien បានចូលរួមក្នុងកិច្ចប្រជុំនេះ (រូបថត VOV) |
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីនិងមន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកទាំង ១១ នៃកិច្ចព្រមព្រៀង ដើម្បីពិចារណាលើសំណើរបស់ចក្រភពអង់គ្លេសក្នុងការចូលរួមជាផ្លូវការលើកិច្ចព្រមព្រៀង CPTPP។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បានចូលរួមក្នុងកិច្ចប្រជុំ។
នៅឯកិច្ចប្រជុំ បណ្តារដ្ឋមន្រ្តីបានស្វាគមន៍ចំពោះការដាក់ពាក្យនៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ សូមចូលជាសមាជិក CPTPP ជាផ្លូវការរបស់ចក្រភពអង់គ្លេស ព្រមទាំងបានអនុម័តលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា CPTPP ស្តីពីការចាប់ផ្តើមដំណើរការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀង CPTPP របស់ចក្រភពអង់គ្លេស ក៏ដូចជាសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីទាំង ១១ នៃប្រទេសជាសមាជិក CPTPP លើបញ្ហានេះ។
យោងតាមក្រុមរដ្ឋមន្រ្តី ការសម្រេចចិត្តចាប់ផ្តើមដំណើរការចរចាដើម្បីចូលរួម CPTPP របស់ចក្រភពអង់គ្លេសគឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ បណ្តាប្រទេសជាសមាជិក CPTPP នឹងសម្របសម្រួលជាមួយចក្រភពអង់គ្លេសដើម្បីធានាថា ស្តង់ដារខ្ពស់នៃកិច្ចព្រមព្រៀងត្រូវបានរក្សានិងជំហរនាំមុខនៃកិច្ចព្រមព្រៀង CPTPP នៅក្នុងទំនាក់ទំនងតំបន់និងពិភពលោកនាពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មនិងចូលរួមចែករំលែកនូវគំនិតមានប្រយោជន៍ជាច្រើនដែលត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសដទៃទៀត ដែលរួមចំណែកដល់ជោគជ័យរួមនៃកិច្ចប្រជុំ៕