ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបើកកិច្ចប្រជុំបន្ទាន់បន្ទាប់ពីការបាញ់បង្ហោះ កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង
(VOVWORLD) - នៅព្រឹកថ្ងៃទី ១៦ មីនា ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) បានបើក កិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃដដែល នោះ។
លោកប្រធានាធិបតី Yoon Suk-yeol អញ្ជើញចូលរួមកិច្ចប្រជុំនេះ មុនពេលលោកចេញដំណើរទៅកាន់ទីក្រុងតូក្យូ។ (រូបថត៖ YONHAP) |
យោងតាមខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោកប្រធានាធិបតី Yoon Suk-yeol បានចូលរួមកិច្ចប្រជុំនេះ មុនពេលលោកចេញដំណើរទៅកាន់ទីក្រុងតូក្យូ សម្រាប់កិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។ ថ្លែងនៅ ក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតី Yoon Suk-yeol មានប្រសាសន៍ថា ទីក្រុង សេអ៊ូលនឹងឆ្លើយតបដោយសក្តិសមទៅនឹងសកម្មភាពរបស់កូរ៉េខាងជើង។ លោកក៏បានសង្កត់ធ្ងន់ផងដែរ លើភាពចាំបាច់នៃការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ហើយស្នើឱ្យកងទ័ពរក្សាការការពាររួមដ៏រឹងមាំ ត្រៀមខ្លួនជាស្រេចទប់ទល់នឹងការគំរាមកំហែងដែលអាចកើតមាន។
យោងតាម NSC វត្ថុហោះហើរនៅក្នុងករណីបាញ់បង្ហោះនៅព្រឹកថ្ងៃ ១៦ មីនា របស់កូរ៉េខាងជើង គឺជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ។ ការបាញ់បង្ហោះត្រូវបាន ធ្វើឡើងពីតំបន់ Sunan ទីក្រុងព្យុងយ៉ាង នៅម៉ោង ៧ និង ១០នាទីព្រឹក ហើយមីស៊ីល ហោះបានចម្ងាយប្រហែល ១ ពាន់គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។
រដ្ឋាភិបាលជប៉ុនក៏បានបញ្ជាក់ដែរថា វត្ថុហោះហើរខាងលើគឺជាមីស៊ីលផ្លោងអន្តរ ទ្វីប ដែលបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននៅម៉ោង ប្រហែល ៨ និង២០នាទីព្រឹក។ មិនទាន់មានរបាយការណ៍អំពីការខូចខាតទៅលើយន្តហោះ ឬនាវានៅក្នុងតំបន់នោះនៅឡើយទេ៕