ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅតំបន់ខ្ពង់រាប Golan
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានរៀបចំសម័យប្រជុំនាថ្ងៃទី ២៧ ខែមីនា (តាមម៉ោងអាមេរិក) ដើម្បីពិភាក្សាពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលស្គាល់តំបន់ខ្ពង់រាប Golan ជាផ្នែកមួយនៃទឹកដីរបស់អ៊ីស្រាអែល។
តំបន់ខ្ពង់រាប Golan |
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអង្គការសហប្រជាជាតិ លោក Francois Delattre បានឲ្យដឹងថា កិច្ចប្រជុំស្តីពីការពន្យារកាលកំណត់ចំពោះសកម្មភាពនៃកងកម្លាំងសង្កេតការណ៍មិនជ្រៀតជ្រែកក្នុងអង្គការសហប្រជាជាតិនៅ Golan (UNDOF) ត្រូវបានប្រែពីការពិគ្រោះយោបល់សំងាត់ទៅពិភាក្សាបើកទូលាយ ដែលសមស្របតាមតម្រូវការរបស់ស៊ីរី។ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប គ្រោងនឹងមិនចេញសេចក្តីថ្លែងការណ៍ស្តីពីសេចក្តីសម្រេចដូចពោលខាងលើរបស់អាមេរិកនោះទេ ដោយសារតែឯកសារបែបនេះទាមទារឲ្យមានការស្រុះចិត្តគំនិតពីប្រទេសទាំង ១៥ នៅក្នុងក្រុមប្រឹក្សា អ.ស.ប ក្នុងនោះមានអាមេរិក។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែមីនា រដ្ឋាភិបាលស៊ីរីបានផ្ញើសារលិខិតជូនទៅប្រទេសបារាំង ដែលជាប្រទេសកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដើម្បីស្នើសុំឱ្យស្ថាប័ននេះរៀបចំកិច្ចប្រជុំបន្ទាន់ ព្រមទាំងចាត់ទុកថាសំរេចចិត្តរបស់អាមេរិកជាការ«រំលោភបំពានយ៉ាងច្បាស់លាស់» លើសេចក្តីសម្រេចរបស់អ.ស.ប។ នាថ្ងៃទី ២៥ ខែមីនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ខ្ពង់រាប Golan ៕