ក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់បានប្រកាសពីការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកចំនួនពីរក្នុងប្រទេសស៊ីរី
(VOVWORLD) - ក្រុម “ចលនាតស៊ូអ៊ីស្លាម” នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា បានប្រកាសថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ក្រុមនេះបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពចំនួនពីរកន្លែងរបស់អាមេរិកក្នុងប្រទេសស៊ីរី ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់អាមេរិកសម្រាប់អ៊ីស្រាអែលក្នុងការវាយប្រហារលើតំបន់ហ្គាហ្សា។
តាមនោះ ក្រុម “ចលនាតស៊ូអ៊ីស្លាម” នៅក្នុងប្រទេសអ៊ីរ៉ាក់ បានកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិក នៅតំបន់ Al-Omar ក្នុងប្រទេសស៊ីរី ដោយយន្តហោះដ្រូន ក្នុងពេលដំណាលគ្នាជាមួយនឹងការវាយប្រហារដាច់ដោយឡែកមួយ សំដៅលើមូលដ្ឋានទ័ពអាមេរិកមួយទៀត ដែលមានទីតាំងនៅ “ភូមិបៃតង” ក្នុងទឹកដីស៊ីរី។
មូលដ្ឋានទ័ពអាមេរិកនៅប្រទេសស៊ីរី។ រូបថត៖ Tasnim |
មុននោះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា អាមេរិកក៏បានប្រកាសថា កងកម្លាំងអាមេរិកនិងអន្តរជាតិ ដែលឈរជើងនៅភាគឦសានប្រទេសស៊ីរី រងការវាយប្រហារដោយយន្តហោះដ្រូននិងកាំជ្រួចយ៉ាងហោចណាស់ ៤ លើក ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារនេះបានបណ្តាលឲ្យមានការខូចខាតតិចតួចតែប៉ុណ្ណោះ ហើយមិនមានអ្នករងរបួសនោះទេ។
ក្រសួងការពារជាតិអាមេរិកបានចោទប្រកាន់ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ថាបានធ្វើការវាយប្រហារច្រើនជាង ៤៥ លើកប្រឆាំងនឹងកងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។ ការវាយប្រហារនេះបានធ្វើឲ្យទាហានអាមេរិកយ៉ាងតិច៥៦នាក់រងរបួស៕