ក្រុមរដ្ឋមន្ត្រីអាស៊ានរៀបចំកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
(VOVWORLD) - ថ្លែងមតិនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Bui Thanh Son បានអះអាងថា វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអាទិភាពសម្រាប់ឆ្នាំ ២០២១ ហើយនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីធានានូវជោគជ័យនៃកិច្ចប្រជុំកំពូល នាពេលខាងមុខ។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son (រូបថត៖ TTXVN) |
ក្នុងក្របខ័ណ្ឌនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី ៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២១ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ២៤, កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ៣០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រព្រឹត្តទៅតាមប្រព័ន្ធអ៊ីនធឺរណែតក្រោមអធិបតីភាពរបស់ប្រធានាធិបតីប្រ៊ុយណេ។
ថ្លែងមតិនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអាទិភាពសម្រាប់ឆ្នាំ ២០២១ ហើយនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីធានានូវជោគជ័យនៃកិច្ចប្រជុំកំពូលនាពេលខាងមុខ។
ទាក់ទងនឹងបញ្ហាប្រឈមដែលត្រូវដាក់ចេញសម្រាប់អាស៊ាននិងតំបន់ រដ្ឋមន្ត្រីលោក Bui Thanh Son បាននិយាយថា ការប្រកួតប្រជែងកាន់តែខ្លាំងក្លានិងទូលំទូលាយក្នុងចំណោមប្រទេសធំៗ កំពុងបង្កើតផលវិបាកយ៉ាងធំធេងសម្រាប់តំបន់ ហើយអាស៊ានត្រូវការតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍ រក្សាសាមគ្គីភាពនិងភាពជឿជាក់លើខ្លួនឯងក៏ដូចជា លើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលនិងឯករាជ្យរបស់អាស៊ាន។ វៀតណាមក៏បានស្នើឲ្យអាស៊ានរក្សានូវវិធីសាស្រ្តប្រកប ដោយសុខដុមរមនា ខណៈរក្សាគោលជំហរគោលការណ៍របស់ខ្លួនលើបញ្ហាដែលប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់និងលើកទឹកចិត្តឱ្យដៃគូចូលរួមយ៉ាងសកម្មនៅក្នុងអង្គការអន្តរជាតិ យន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីជំរុញកិច្ចសន្ទនានិងការជឿជាក់ ព្រមទាំងដោះស្រាយបញ្ហារួម។
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រី លោក Bui Thanh Son បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការជំរុញការជឿទុកចិត្ត ការអនុវត្តន៍ភាពអត់ធ្មត់ និងការដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។ ទន្ទឹមជាមួយគ្នានោះ អាស៊ានត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយចិនដើម្បីធានានូវការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ដោយអនុលោមតាមច្បាប់អន្តរជាតិ អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។ ពិភាក្សាអំពីស្ថានភាពនៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីលោក Bui Thanh Son បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានក៏ដូចជាបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ាដើម្បីអនុវត្តភារកិច្ចនេះក្នុងពេលឆាប់ៗនេះ ហើយសង្ឃឹមថា មីយ៉ាន់ម៉ានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បេសក ជនពិសេសប្រចាំប្រទេសមីយ៉ាន់ម៉ាបំពេញគភារកិច្ចប្រកបដោយប្រសិទ្ធភាព៕