ការវិវឌ្ឍន៍ថ្មីនៅតំបន់ហ្គាហ្សា

(VOVWORLD) - នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី ១៥ ខែឧសភាបានជួបសន្ទនាតាមទូរស័ព្ទអំពីការវិវត្តថ្មីៗ នៅតំបន់ហ្គាហ្សា។ 

មេដឹកនាំអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលកំពុងធ្វើការគ្រប់បែបយ៉ាងដើម្បីការពារជនស៊ីវិល។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ក៏បានពន្យល់ផងដែរថា ការដែលអ៊ីស្រាអែលវាយប្រហារទៅលើអគារខ្ពស់ ៗ នៅតំបន់ហ្គាហ្សា ពីព្រោះ ទាំងនេះជាទីតាំងនៃចលនាហាម៉ាស ហើយក៏បានជូនដំណឹងដល់ប្រជាជនឱ្យជម្លៀសខ្លួនចេញ។

នៅថ្ងៃដដែល ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអាមេរិកផងដែរ។ នេះជាជំនួបតាមទូរស័ព្ទលើកដំបូងរវាងមេដឹកនាំអាមេរិកនិងប៉ាឡេស្ទីន ចាប់តាំងពីលោក Biden ចូលកាន់តំណែងនៅខែមករាឆ្នាំ ២០២១។

ព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀតគឺនៅថ្ងៃទី ១៥ ខែឧសភា រដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បានជួបជាមួយមេដឹកនាំនយោបាយនៃចលនាអ៊ីស្លាមហាម៉ាស លោក Ismail Haniyeh ដើម្បីបង្ហាញការគាំទ្ររបស់កាតាចំពោះ “បងប្អូនប៉ាឡេស្ទីន” ព្រមទាំងបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុករបស់ខ្លួននៅលើតំបន់ហ្គាហ្សា។

ក្នុងពេលជាមួយគ្នានោះ ការប្រយុទ្ធគ្នារវាងកងកម្លាំងហាម៉ាសនិងយោធាអ៊ីស្រាអែលបានបន្តកើតមានឡើងនៅថ្ងៃទី ១៥ ឧសភា នៅពេលដែលក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ចូលតំបន់ទីក្រុង Tel Aviv និងតំបន់ជុំវិញ។ នេះជាសកម្មភាពមួយដែលភាគីហាម៉ាសបានប្រកាសដើម្បីសងសឹកអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ធ្វើឲ្យសមាជិកក្នុងគ្រួសារចំនួន ១០ នាក់នៅតំបន់ហ្គាហ្សាត្រូវស្លាប់។ នៅថ្ងៃដដែលនោះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានបាញ់រ៉ុក្កែតដោយវាយកម្ទេចអគារការិយាល័យមួយនៅតំបន់ហ្គាហ្សា ក្នុងនោះមានការិយាល័យរបស់ទីភ្នាក់ងារព័ត៌មាន AP, Al-Jazeera និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត។

ទិន្នន័យពីអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាបានបង្ហាញថា ការប្រយុទ្ធគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៣២ នាក់ ក្នុងនោះមានស្ត្រីនិងកុមារជាង ៥០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ