ក្រសួងការពារប្រទេសអនុវត្តឲ្យបានល្អនូវមុខងារ “កងទ័ពប្រយុទ្ធ កងទ័ពធ្វើការ កងទ័ពធ្វើផលិតកម្ម"
(VOVWORLD) - នាថ្ងៃទី ២៥ ខែកក្កដា នៅទីក្រុងហាណូយ គណៈ កម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម បានរៀបចំកិច្ចប្រជុំយោធានយោបាយរយៈពេល ៦ ខែដើមឆ្នាំ ២០២២ ដើម្បីវាយតំលៃពីការងារបញ្ជាដឹកនាំភារកិច្ចយោធា និងការពារជាតិក្នុងរយៈពេល ៦ ខ ដើមឆ្នាំ និងភារកិច្ចសម្រាប់ ៦ ខែចុងឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងបណ្ដាប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV) |
អញ្ជើញចូលរួមនិងថ្លែងមតិនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិមបានវាយតំលៃខ្ពស់ចំពោះការ ដែល ក្នុងរយៈពេល ៦ ខែកន្លងទៅ គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស តែងតែក្ដាប់ជាប់ស្ថានភាពដោយម្ចាស់ការ ធ្វើសេនាធិការយុទ្ធសាស្ត្រដោយទាន់ពេលវេលាជូនចំពោះបក្ស រដ្ឋ លើវិស័យយោធា និងការពារជាតិ ជាពិសេសបញ្ហាថ្មី ស្មុគស្មាញដែលទើបលេចឡើង។
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យក្រសួងការពារប្រទេសអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចដែលបានប្រគល់ជូន ក្នុងនោះភារកិច្ចចម្បងនិងសំខាន់បំផុតនោះ គឺការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាស្ថិរភាព រួមចំណែករក្សាយ៉ាងរឹងមាំនូវសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម; ការពារដែនអាកាស ដែនសមុទ្រ និងតំបន់ព្រំដែនរបស់មាតុភូមិ; អនុវត្តន៍ឲ្យបានល្អនូវមុខងារ "កងទ័ពប្រយុទ្ធ កងទ័ពធ្វើការ កងទ័ពធ្វើផលិតកម្ម" ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន រួមចំណែកធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងការពារប្រទេស បន្តជំរុញខ្លាំងនូវទំនាក់ទំនងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ ការពារមាតុភូមិពីចម្ងាយ; រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ; ពង្រឹងសាមគ្គីភាព ភាពស្អិតរមួតជាមួយប្រជាជន; បំពេញតួនាទីឲ្យបានល្អក្នុងការបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតបឧប្បត្តិហេតុ ការស្វែងរក និងជួយសង្គ្រោះ ជាដើម៕