ក្រសួងហិរញ្ញវត្ថុរៀបចំសន្និសីទពន្លឿន​ការវិនិយោគនៅប្រទេសជប៉ុន

(VOVWORLD) - នាថ្ងៃទី ១២ ខែមីនា នៅទីក្រុងតូក្យូ (ជប៉ុន) ក្រសួងហិរញ្ញវត្ថុបានរៀបចំសន្និសីទពន្លឿនការវិនិយោគក្រោមប្រធានបទ “វៀតណាម - ទិសដៅវិនិយោគ” ដោយទាក់ទាញការចូលរួមពីសហគ្រាសឈានមុខជិត ២៥០អង្គភាព របស់ជប៉ុននិងវៀតណាម។
ក្រសួងហិរញ្ញវត្ថុរៀបចំសន្និសីទពន្លឿន​ការវិនិយោគនៅប្រទេសជប៉ុន - ảnh 1រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc ថ្លែងក្នុងសន្និសីទ។ រូបថត៖ VOV

ពិភាក្សាជាមួយធុរកិច្ចនិងវិនិយោគិនជប៉ុនទាក់ទិននឹងគោលនយោបាយរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុនិងការទាក់ទាញដើមទុនវិនិយោគដោយផ្ទាល់និងដោយប្រយោលពីបរទេស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Ho Duc Phoc បានអះអាងថា នឹងអនុវត្តយ៉ាងប្តូរផ្តាច់នូវដំណោះស្រាយនានា និងបំពេញក្របខ័ណ្ឌនីតិវិធី; សម្របសម្រួលជាមួយក្រសួងនិងផ្នែកពាក់ព័ន្ធ ដើម្បីលុបបំបាត់ការលំបាកសម្រាប់ធុរកិច្ចនិងវិនិយោគិនជប៉ុន; ផ្តោតលើអធិការកិច្ចនិងការត្រួតពិនិត្យ ដើម្បីធានាបាននូវសកម្មភាពទាក់ទាញការវិនិយោគប្រកបដោយតម្លាភាពនិងយុត្តិធម៌៖ “យើងខ្ញុំអនុវត្តគោលនយោបាយជាប់លាប់សម្រាប់វិនិយោគិន មិនថាវិនិយោគិនឯកជន វិនិយោគិនរដ្ឋ ឬវិនិយោគិនបរទេសនោះទេ។ អាជីវកម្មទាំងអស់មានភាពស្មើគ្នាក្នុងសកម្មភាពផលិតកម្មនិងធ្វើអាជីវកម្មនៅវៀតណាម។ យើងតែងតែប្រកាន់ខ្ជាប់នូវសមភាព យុត្តិធម៌ និងតម្លាភាពក្នុងសកម្មភាពសេដ្ឋកិច្ច”។

នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ អគ្គនាយកដ្ឋានពន្ធដារ និងគណៈកម្មការមូលបត្ររដ្ឋក៏បានឆ្លើយសំណួរជាច្រើនរបស់ធុរកិច្ចនិងវិនិយោគិនជប៉ុនទាក់ទងនឹងនីតិវិធីគយ ការអនុគ្រោះពន្ធដារ សក្តានុពលនៃទីផ្សារហិរញ្ញវត្ថុរបស់វៀតណាម។ ខ្លឹមសារទាំងនេះបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីតំណាងក្រសួងហិរញ្ញវត្ថុជប៉ុន ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន (FSA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុនជួញដូរមូលបត្រជប៉ុន (JPX) និងអាជីវកម្មជាច្រើន។

ក្រសួងហិរញ្ញវត្ថុរៀបចំសន្និសីទពន្លឿន​ការវិនិយោគនៅប្រទេសជប៉ុន - ảnh 2សន្និសីទពន្លឿនការវិនិយោគក្រោមប្រធានបទ “វៀតណាម - ទិសដៅវិនិយោគ” បានទាក់ទាញការចូលរួមពីសហគ្រាសឈានមុខជិត ២៥០អង្គភាព របស់ជប៉ុននិងវៀតណាម។ រូបថត៖ VOV

លោក Takafumi Oue ប្រធានការិយាល័យតំណាងទីក្រុងហាណូយនៃក្រុមហ៊ុនមូលបត្រ Daiwa បានឲ្យដឹងថា ជាមួយនឹងគោលនយោបាយ ទិសដៅ និងសក្ដានុពលនៃសេដ្ឋកិច្ចវៀតណាមនិយាយរួមនិងទីផ្សារហិរញ្ញវត្ថុនិយាយដោយឡែក ចំនួនវិនិយោគិនជប៉ុនក៏ដូចជាវិនិយោគិនបរទេសដែលមកបណ្តាក់ទុននៅទីផ្សារភាគហ៊ុនវៀតណាមនឹងកើនឡើងយ៉ាងខ្លាំងក្លា៖ “ទីផ្សារភាគហ៊ុនរបស់វៀតណាមកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍និងរីកចម្រើន។ មាត្រដ្ឋាននៃមូលធនទីផ្សារភាគហ៊ុនចំពោះ GDP យ៉ាងហោចណាស់នឹងឈានដល់ ១០០%។ ចំណុចលេចធ្លោនៃគោលនយោបាយរបស់វៀតណាមនាពេលថ្មីៗនេះ គឺការពិចារណាបន្ធូរបន្ថយអត្រាកម្មសិទ្ធិបរទេស និងការបង្កើនលទ្ធភាពទទួលបានសម្រាប់វិនិយោគិនបរទេស។ ក្រុមហ៊ុន Daiwa នឹងសាងសង់ហើយអនុវត្តផែនការពង្រីកនៅក្នុងទីផ្សារវៀតណាម”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ