ការសន្ទនាជាន់ខ្ពស់វៀតណាម-សិង្ហបុរី
(VOVWORLD) - ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ តាមរយៈការជំរុញ ចុះហត្ថលេខា និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការពាក់ព័ន្ធនានា ព្រមទាំងពង្រីកប្រសិទ្ធភាពនៃយន្តការសន្ទនា សម្របសម្រួលក្នុងយន្តការ និងសកម្មភាពពហុភាគី។
ការសន្ទនាជាន់ខ្ពស់វៀតណាម-សិង្ហបុរី (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និង ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ សីហា។ ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូបបានជួបពិភាក្សាការងារ។
អញ្ជើញថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងបរិបទដែលប្រទេសទាំងពីរបានរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣ - ២០២៣) និងរំលឹកខួបលើកទី ១០ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣)។ ដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរីមានអត្ថន័យដ៏សំខាន់ រួមចំណែកជំរុញថែមទៀតទំនាក់ទំនងដ៏ជិតស្និទ្ធយូរអង្វែងរវាងវៀតណាម និងសិង្ហបុរី តាមនោះបញ្ជូនសារដ៏ខ្លាំងក្លាអំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីររួមសហការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមចំណែកជាវិជ្ជមានដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់ ក៏ដូចជាពិភពលោក”។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសិង្ហបុរីជួយវៀតណាមកសាង និងដំណើរការមជ្ឈមណ្ឌលទិន្នន័យធំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងបទល្មើស ជាពិសេសគឺបទល្មើសបច្ចេកវិទ្យាខ្ពស់ ព្រមទាំងជំរុញការតភ្ជាប់ប្រព័ន្ធរបស់វៀតណាមជាមួយនឹងប្រព័ន្ធកំណត់អត្តសញ្ញាណអេឡិចត្រូនិច និងផ្ទៀងផ្ទាត់អេឡិចត្រូនិកនៅសិង្ហបុរី ដើម្បីគ្រប់គ្រងពលរដ្ឋរវាងប្រទេសទាំងពីរក្នុងដំណើការធ្វើដំណើរ រស់នៅ និងធ្វើការ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Lee Hsien Loong បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម-សិង្ហបុរីក្នុងរយៈពេលកន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់សិង្ហបុរីក្នុងតំបន់។នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាពិចារណា និងតម្លើងថ្នាក់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាមពេលវេលាសមស្របជាពិសេសគឺឯកភាពគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ តាមរយៈការជំរុញ ចុះហត្ថលេខា និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការពាក់ព័ន្ធនានា ព្រមទាំងពង្រីកប្រសិទ្ធភាពនៃយន្តការសន្ទនា សម្របសម្រួលក្នុងយន្តការ និងសកម្មភាពពហុភាគី។
ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលជាមួយបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ធានាសាមគ្គីភាព ឯកភាព ហើយរួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត រក្សាគោលជំហររួមរបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត; សង្កត់ធ្ងន់លើសារៈសំខាន់នៃសេរីភាព និងសុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍; ធានាអនុវត្តន៍ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); បង្កើតបរិយាកាសអំណោយផល ខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕