កសាងដំបូលអាស៊ានរួម រឹងមាំនៅគ្រប់កាលៈទេសៈ
(VOVWORLD) - នាថ្ងៃទី ២៣ មេសា វេទិកាអនាគតអាស៊ានលើកទី ១ ឆ្នាំ ២០២៤ (AFF ២០២៤) ក្រោមប្រធានបទ “ការកសាង សហគមន៍អាស៊ានដែលរីកលូតលាស់លឿន និរន្តរភាព និងផ្តោតលើប្រជាជន” បានបើកនៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងសម័យបើកវេទិកាអនាគតអាស៊ាន (រូបថត៖ VOV) |
AFF ២០២៤ ដោយក្រសួងការបរទេសទទួលរៀបចំក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី គឺជាគំនិតផ្តួចផ្តើមពហុភាគីទ្រង់ទ្រាយធំរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានអញ្ជើញចូលរួមនិងដឹកនាំវេទិកានេះ។
ក្នុងសុន្ទរកថាបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្រោយរយៈពេលជិត ៦ ទសវត្សរ៍នៃការបង្កើត និងអភិវឌ្ឍន៍ អាស៊ានមិនដែលមានពេលណាស្ថិតក្នុងស្ថានភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះទេ ហើយក៏ប៉ុន្តែមិនដែលជួបប្រទះនឹងបញ្ហាប្រឈមច្រើនដូចសព្វថ្ងៃនេះដែរ។ ភាពជាក់ស្តែងនោះ តម្រូវឱ្យអាស៊ានមានចក្ខុវិស័យយុទ្ធសាស្ត្រទូលំទូលាយ បង្កើនគំនិតផ្តួចផ្តើម និងការសម្របខ្លួន ដើម្បីចាប់យកឱកាស ដោះស្រាយបញ្ហាប្រឈម និងអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាព។
“ក្នុងដំណើរការអភិវឌ្ឍន៍ ទាមទារឲ្យមានសាមគ្គីភាព ទំនុកចិត្ត និងការមូលមតិជាឯកឆ័ន្ទរបស់ប្រទេសសមាជិកទាំងអស់។ យើងរួមគ្នាបន្តប្រដេញតាមវិធីសាស្ត្រអភិក្រមសកល ក្នុងប្រជាជនទាំងអស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំបូលរួមអាស៊ានមានភាពរឹងមាំនៅគ្រប់កាលៈទេសៈ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព”។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្រោយរយៈពេលជិត ៣ ទស្សវត្សរ៍ដែលចូលរួមជាសមាជិកអាស៊ាន វៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូល ក្នុងគោលនយោ បាយការបរទេសរបស់ខ្លួន ដោយតែងតែធ្វើអស់ពីសមត្ថភាពដើម្បី សហគមន៍អាស៊ានកាន់តែរឹងមាំ និងមានតួនាទីកាន់តែខ្ពស់ក្នុងតំបន់និងលើពិភពលោក។ គំនិតផ្តួចផ្តើមរៀបចំវេទិកាអនាគតអាស៊ានលើកទីមួយនៅទីក្រុងហាណូយ ក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមផងដែរ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានអាស៊ាន ២០២៤ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone អញ្ជើញចូលសាលប្រជុំ (រូបថត៖ VTC) |
នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ប្រធានអាស៊ាននៅឆ្នាំ២០២៤ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន និងមេដឹកនាំអាស៊ានទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើម និងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានរបស់វៀតណាម។ វេទិកានេះនឹងដើរតួនាទីដូចជាយន្តការមួយរបស់អាស៊ាន ក្នុងការទទួល និងស្វាគមន៍រាល់គំនិតថ្មីៗ និងអនុសាសន៍គោលនយោបាយសម្រាប់អាស៊ាន។ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានបញ្ជាក់ថា៖ “វៀតណាមមានចក្ខុវិស័យរយៈពេលវែងអំពីដំណើរការអភិវឌ្ឍន៍របស់អាស៊ាន។ ដូច្នេះ វេទិកាអនាគតអាស៊ាន គឺស័ក្តិសមបំផុតសម្រាប់អ្វីដែលអាស៊ានកំពុងបន្ត ក្នុងការកសាងចក្ខុវិស័យសហគមន៍ ២០៤៥។ វេទិកាបានប្រព្រឹត្តទៅយ៉ាងសមស្រប ទាន់ពេលវេលា នៅពេលដែលប្រទេសសមាជិកអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន យើងមិនអាចគិតឱ្យបានច្បាស់លាស់អំពីអ្វីដែលអាចនឹងកើតឡើងនោះទេ។ ដូច្នេះ វេទិកានេះនឹងផ្តល់ឱ្យយើងនូវគំនិតស្ថាបនា និងជួយយើងកំណត់បញ្ហាប្រឈម និងកំណាត់ផ្លូវនាពេលខាងមុខកាន់តែច្បាស់លាស់”។
វគ្គពិភាក្សានៅវេទិកាបានផ្តោតលើទិសដៅដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយនិរន្តរភាព បរិយាប័ន្ននិងការពឹងផ្អែកលើខ្លួនឯងរបស់ សហគមន៍អាស៊ាន។ ដំណោះស្រាយដែលអនុវត្តភាពជឿនលឿននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រេចបាននូវគោលដៅនៃភាពសុខដុមរមនារវាងវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ វិធីសាស្រ្តអភិក្រមដ៏ទូលំទូលាយរបស់អាស៊ានក្នុងការធានាសន្តិសុខក្នុងតំបន់ ស្នើទិសដៅដើម្បីជួយអាស៊ានរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមសកល៕