កីឡាវៀតណាមខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីទទួលបានស្នាដៃខ្ពស់ថ្មីៗ
(VOVWORLD) - នាយប់ថ្ងៃទី ១ មិថុនា ពិធីបូកសរុប លើកទឹកចិត្ត និងជូនរង្វាន់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់គ្រឿងឥស្សរិយយសជូនកីឡាករ កីឡាការិនីដែលមានស្នាដៃឆ្នើម |
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម និងចែករំលេកក្ដីសប្បាយរីករាយដល់កីឡាករ គ្រូបង្វឹក ព្រមទាំងជូនពរ និងលើកតម្កើងចំពោះស្នាដៃឆ្នើមៗ ដែលក្រុមកីឡាវៀតណាមសម្រេចបាន ដោយនាំមកនូវក្តីសប្បាយរីករាយ មោទនភាពជូនចំពោះប្រទេសជាតិ ប្រជាជន និងអ្នកគាំទ្ររាប់លាននាក់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ដោយបានជំនះពុះពារលើការលំបាក សាកល្បងជាច្រើន ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ វៀតណាមបានរៀបចំព្រឹត្តិការណ៍ស៊ីហ្វេមលើកទី ៣១ ប្រកបដោយជោគជ័យ។ នេះគឺជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់របស់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ព្រមទាំងការរួមដំណើរ គាំទ្ររបស់សហគ្រាស និងប្រជាជន ជាពិសេសគឺការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតរបស់កីឡាករប្រមាណ ៥ ពាន់នាក់ លើវិញ្ញាសាកីឡាចំនួន ៤០ មុខក្នុងនោះភាគច្រើនជាវិញ្ញាសា OLYMPIC និង ASIAD។
លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានប្រគល់គ្រឿងឥស្សរិយយសជូនកីឡាករ កីឡាការិនីដែលមានស្នាដៃឆ្នើម |
នេះក៏ជាសក្ខីភាពសរឲ្យឃើញថាវៀតណាមបានសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដប្រកបដោយប្រសិទ្ធភាព ហើយវៀតណាមកំពុងស្ដារឡើងវិញយ៉ាងខ្លាំងក្លា អភិវឌ្ឍន៍សេដ្ឋកិច្ច និងបើកទ្វារចំហជាមួយពិភពលោក៖
“ជួរគ្រូបង្វឹក និងកីឡាកររបស់វៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហ្វឹកហាត់ ប្ដេជ្ញាចិត្តក្នុងប្រកួត បង្ហាញពីទំនុកចិត្ត ឆន្ទៈ ឬទ្ធានុភាព ដោយការប្រកួតដើម្បីប្រទេសជាតិ ដើម្បីស្មារតីកីឡាសាមគ្គីគ្នា ស្មោះសរ និងថ្លៃថ្នូរ ព្រមទាំងគួបផ្សំនឹងការប្រកួតដ៏ឈ្លាសវៃ និងកម្លាំងពលំរបស់បុគ្គលម្នាក់ៗ ដើម្បីដណ្ដើមឲ្យបានស្នាដៃខ្ពស់បំផុតក្នុងរយៈពេល ១៧ ថ្ងៃ នៃការប្រកួតយ៉ាងប្ដូរផ្ដាច់។ ដើម្បីដណ្ដើមបានមេដាយទាំងនេះ កីឡាករ និងគ្រូបង្វឹកបានខិតខំប្រឹងប្រែងហ្វឹកហាត់ និងលះបង់គ្រប់បែបយ៉ាង សំដៅផ្ដោតសំខាន់លើការប្រកួត នាំមកនូវភាពត្រចះត្រចង់ជូនប្រទេសជាតិផងដែរ”៕