ខេត្ត Khanh Hoa ប្រកាសផែនការមេដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០
(VOVWORLD) - នាព្រឹកថ្ងៃទី ២ មេសា ខេត្ត Khanh Hoa បានរៀបចំសន្និសីទប្រកាសផែនការមេ និងការរជំរុញការវិនិយោគរបស់ខេត្តឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV) |
យោងតាមផែនការមេ គោលដៅអភិវឌ្ឍន៍រួមរបស់ខេត្ត Khanh Hoa ដល់ឆ្នាំ ២០៣០ គឺដើម្បីក្លាយជាទីក្រុងចំណុះមជ្ឈឹម; ជា មជ្ឈមណ្ឌលសេវាកម្ម និងទេសចរណ៍សមុទ្រអន្តរជាតិ; ជាប៉ូលកំណើន ចំណុចកណ្តាលនៃតំបន់ឆ្នេរកណ្តាល តំបន់ Tay Nguyen និងប្រទេសទាំងមូលអំពីសេដ្ឋកិច្ចសមុទ្រ ឧស្សាហកម្ម - បច្ចេកវិទ្យាខ្ពស់ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការបណ្តុះបណ្តាលធនធានមនុស្ស និងសេវាកម្មថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់។ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ខេត្ត Khanh Hoa គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏សំខាន់របស់ប្រទេសជាតិ; ជាទីក្រុងឆ្លាតវៃ ស្និទ្ធស្នាលជាមួយបរិស្ថាន និងខិតខំក្លាយជាទីក្រុងឆ្នេរសមុទ្រឈានមុខគេមួយ ដែលទាក់ទាញភ្ញៀវទេសចរ និងមានបរិយាកាសរស់នៅក្នុងតំបន់អាស៊ី ជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប។
អញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវិភាគអំពីសក្តានុភាព គុណសម្បត្តិ និងចក្ខុវិស័យអភិវឌ្ឍន៍របស់ Khanh Hoa ដោយសង្កត់ធ្ងន់ថា នេះគឺជាកន្លែងដែលមានសក្តានុពល និងឱកាសលេចធ្លោជាច្រើន រួមផ្សំផលប្រយោជន៍ប្រកួតប្រជែងសម្រាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងនិរន្តរភាព; ជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ជាពិសេសក្នុងវិស័យសេវាកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចសមុទ្រ។
អំពីទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Khanh Hoa អនុវត្តផែនការមេដែលបានអនុម័តនាពេលឆាប់ៗខាងមុខ; អភិវឌ្ឍប្រព័ន្ធទីក្រុង ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមយ៉ាងរឹងមាំ។ លោកនាយករដ្ឋមន្ត្រីបានស្នើសហគមន៍ធុរកិច្ច និងអ្នកវិនិយោគកសាងយុទ្ធសាស្ត្រធុរកិច្ចយូរអង្វែង និងនិរន្តរភាព អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តវិនិយោគ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ; គោរពតាមច្បាប់ លក្ខខណ្ឌស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងបទប្បញ្ញត្តិស្តីពីសន្តិសុខ-ការពារជាតិ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា នាពេលអនាគត វិនិយោគិនក្នុងស្រុក និងបរទេសកាន់តែច្រើននឹងយកចិត្តទុកដាក់ជ្រើសរើស និងសម្រេចចិត្តវិនិយោគនៅ Khanh Hoa។
ក្នុងសន្និសីទនេះ Khanh Hoa បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់គម្រោងចំនួន ១៦ ដែលមានដើមទុនចុះបញ្ជីសរុបជាង ៨០,៦ ពាន់ពាន់លានដុង (ជាង ៣,៤ ពាន់លានដុល្លារអាមេរិក)៕