ខេត្ត Quang Ninh រៀបចំពិធីទទួលស្វាគមន៍ក្រុមកីឡាទូកក្តោងជុំវិញពិភពលោក Clipper
(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាឡុង ខេត្ត Quang Ninh បានរៀបចំពិធីទទួលស្វាគមន៍ក្រុមកីឡាទូកក្តោងជុំវិញពិភពលោក Clipper។
ថ្នាក់ដឹកនាំខេត្ត Quang Ninh បានអបអរសាទរ និងជូនកម្រងផ្កាដល់ប្រធានក្រុមជិះទូកក្តោង Clipper ២០២៣-២០២៤ ជុំពិភពលោកចំនួន ១១ នាក់ ដែលមកទីក្រុង Ha Long ខេត្ត Quang Ninh (រូបថត៖ Huyen Chi/VOV) |
ការប្រណាំងទូកក្តោងជុំពិភពលោកឆ្នាំ ២០២៣-២០២៤ ប្រមូលផ្តុំនាវិកជិត ៤០០ នាក់ ទូកក្ដោង ១១ គ្រឿងចែកចេញជា ៨ ដំណាក់កាល ជាមួយនឹងការប្រណាំង ១៦ វគ្គ និងឆ្លងកាត់មហាសមុទ្រចំនួន ៦។ ទីមកដល់ហាឡុង គឺស្ថិតក្នុងការប្រណាំង លេខ ៥ ដែលមានឈ្មោះថា “សាកល្បងអាស៊ី-ប៉ាស៊ីហ្វិក”។ បន្ទាប់ពីចូលចតនៅកំពង់ផែអ្នកដំណើរអន្តរជាតិហាឡុង សមាជិកនាវិកបានចូលរួមសកម្មភាពមួយចំនួននៅខេត្ត Quang Ninh។
ចូលរួមក្នុងការប្រណាំងទូក Clipper អ្នកស្រី Helen Ardman បានចែករំលែកថា៖ “គ្រួសារយើងមកទីនេះ ហើយបានជិះទូកទៅលេងឈូងសមុទ្រហាឡុង។ ទេសភាពនៅទីនេះពិតជាអស្ចារ្យ ប្រជាជនរួសរាយរាក់ទាក់ណាស់។ យើងនៅមានកន្លែងជាច្រើននៅ Ha Long ដែលចង់ស្វែងយល់ ដូចជាទៅលេងតំបន់កសិដ្ឋានចិញ្ចឹមគុជ ភូមិនេសាទ ជិះកន្រាក់ខ្សែកាប រីករាយជាមួយម្ហូប Quang Ninh និងសកម្មភាពជាច្រើនទៀត”។
ក្នុងឱកាសនេះ ខេត្ត Quang Ninh បានរៀបចំសកម្មភាពមួយចំនួនដូចជា៖ ពិធីទទួលស្វាគមន៍ក្រុមប្រណាំងមកខេត្ត Quang Ninh; កម្មវិធីណែនាំផលិតផលក្នុងស្រុក (OCOP) និងផ្សព្វផ្សាយទេសចរណ៍ Quang Ninh នៅតំបន់កំពង់ផែទេសចរណ៍អន្តរជាតិហាឡុង; ដំណើរកម្សាន្ត និងកម្មវិធីស្ទង់មតិគោលដៅសម្រាប់នាវិក Clipper Raceជាដើម។
លោកស្រី Nguyen Thuy Yen អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh ថ្លែងក្នុងពិធីស្វាគមន៍ (រូបថត៖ Huyen Chi/VOV) |
លោកស្រី Nguyen Thuy Yen អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “ខេត្ត Quang Ninh ត្រូវបានគេស្គាល់ថាជារូបភាពនៃប្រទេសវៀតណាមតូចមួយ ជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាត វប្បធម៌ពិសេស និងប្រជាជនរួសរាយរាក់ទាក់។ កន្លែងនេះមានឈូងសមុទ្រហាឡុង ដែលត្រូវបាន UNESCO លើកតម្កើងចំនួន ៣លើក ជាបេតិកភណ្ឌធម្មជាតិពិភពលោក។ យើងសង្ឃឹមថា គ្រប់គ្នានឹងរីករាយជាមួយថ្ងៃដ៏មានន័យនៅទីក្រុង ហាឡុង (Quang Ninh) ហើយផ្សព្វផ្សាយភាពស្រស់ស្អាតរបស់ហាឡុង របស់ខេត្ត Quang Ninh និងរបស់វៀតណាមទៅកាន់ស្រុកកំណើត និងតំបន់ដែលគណៈប្រតិភូនឹងមកដល់”។
សូមគូសបញ្ជាក់ថា មុននឹងទៅដល់ឈូងសមុទ្រ Ha Long ទូកប្រណាំងចេញដំណើរពី Coral Sea Marina Resort (សមុទ្រ Airlie Beach តំបន់ Whitsunday រដ្ឋ Queensland ប្រទេសអូស្ត្រាលី)៕