គណៈកម្មការកិច្ចការបរទេស (VOV5) អំពាវនាវការជួយឧបត្ថម្ភប្រជាជនរងគ្រោះដោយព្យុះ Yagi
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏ធំបំផុតលើសមុទ្រខាងកើតក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ និងចរន្តខ្យល់ក្រោយព្យុះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងមនុស្ស និងទ្រព្យសម្បត្តិនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាម ជាពិសេសតំបន់ព្រៃភ្នំ។ វៀតណាមកំពុងត្រូវការធនធានយ៉ាងច្រើនដើម្បីជំនះពុះពារផលវិបាកដែលបង្កឡើងដោយគ្រោះធម្មជាតិ។
ជាងពេលណាៗទាំងអស់ ការងារជួយសង្គ្រោះ និងជំនួយឧបត្ថម្ភចាំបាច់ ត្រូវអនុវត្តន៍ជាបន្ទាន់និងឆាប់រហ័សបំផុត ដើម្បីជួយសង្គ្រោះមនុស្សរាប់លាននាក់។
ភ្លៀងធ្លាក់ខ្លាំងអូសបន្លាយជាច្រើនថ្ងៃ ដោយសារឥទ្ធិពលនៃព្យុះលេខ ៣ បណ្តាលឱ្យតំបន់ជាច្រើននៃខេត្ត Thai Nguyen ត្រូវបានលិចលង់ក្នុងទឹកជំនន់។ រូបថត៖ VOV |
ក្នុងគោលបំណង រួមដៃគ្នាជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ គណៈកម្មការកិច្ចការបរទេស (VOV5) វិទ្យុសម្លេងវៀតណាមសូមអំពាវនាវដល់សប្បុរសជន ធុរកិច្ច សមាគម និងអង្គការក្នុងស្រុកនិងអន្តរជាតិ ជនរួមជាតិវៀតណាមក្នុងនិងក្រៅប្រទេស ជនបរទេសនៅវៀតណាម បរិច្ចាគថវិកាដើម្បីជួយប្រជាជនឱ្យឆ្លងផុតគ្រោះធម្មជាតិ និងស្ថិរភាពជីវភាពរស់នៅ។
ការរួមវិភាគទានជាក់ស្តែងរបស់លោកអ្នកនឹងត្រូវបានកម្មាភិបាល អ្នកយកព័ត៌មាននៃគណៈកម្មការកិច្ចការបរទេស រួមជាមួយសប្បុរសជន និងធុរកិច្ច ប្រគល់ដោយផ្ទាល់ជូនដល់ដៃប្រជាជនកំពុងត្រូវការជំនួយ។
រាល់ការបរិច្ចាគរូបិយវត្ថុ (ដុងវៀតណាម រូបិយប័ណ្ណបរទេស) សូមផ្ទេរដោយផ្ទាល់ទៅក្នុងគណនី៖ គណៈកម្មការកិច្ចការបរទេស (VOV5) លេខគណនី៖ 2612624356 នៅធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV); លេខកូដរហ័ស៖ BIDVVNVX
វាក្យសម្ព័ន្ធនៃមាតិកាផ្ទេរប្រាក់៖ ក្រុម/ឈ្មោះបុគ្គល _ឧបត្ថម្ភសម្រាប់ជំនះផលវិបាកនៃព្យុះទីហ្វុង Yagi។
ការរួមវិភាគទានមិនថាតូចឬធំទេ សុទ្ធតែរួមចំណែកក្នុងការនាំមកនូវក្តីសង្ឃឹម និងការឧបត្ថម្ភជាក់ស្តែងដល់ប្រជាជននៅតំបន់ដែលមានរងព្យុះ៕