គណៈកម្មាធិការដឹកនាំថ្នាក់ជាតិយល់ព្រមកែសម្រួលជំងឺកូវីដ-១៩ ពីក្រុម A ទៅក្រុម B
(VOVWORLD) - ខុទ្ទកាល័យរដ្ឋាភិបាលទើបតែបានចេញផ្សាយឯកសារស្ដីពីសេចក្ដីសន្និដ្ឋានរបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងសម័យប្រជុំ លើកទី២០ នៃគណៈកម្មាធិការដឹកនាំ តាមប្រព័ន្ធអនឡាញជាមួយខេត្តក្រុងនានា។
ឯកសារបានលើកច្បាស់ថា គណៈកម្មាធិការដឹកនាំថ្នាក់ជាតិ យល់ស្របជាមួយសំណើ របស់ក្រសួងសុខាភិបាល ស្តីពីការកែសម្រួលជំងឺកូវីដ-១៩ ពីក្រុម A ទៅក្រុម B។ គណៈកម្មាធិការដឹកនាំសំណូមពរឲ្យបណ្ដាក្រសួង ផ្នែក និងមូលដ្ឋានបន្តសិក្សា ពីអនុសាសន៍ចំនួន ៧ របស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីអនុវត្តន៍ឱ្យបាន សមស្របទៅនឹងស្ថានភាពជំងឺរាតត្បាតនៅវៀតណាម; កសាងផែនការបង្ការ និង គ្រប់គ្រងជំងឺកូវីដ-១៩ ឲ្យសមស្របទៅនឹងស្ថានភាពថ្មី ជាពិសេសពង្រឹងសមត្ថភាព សុខាភិបាលនៅមូលដ្ឋាន និងសុខាភិបាលបង្ការ។ ទន្ទឹមនឹងនោះ បន្តលើកកម្ពស់ ស្មារតីសាមគ្គីភាព ជំនះពុះពារលើផលវិបាកនៃជំងឺរាតត្បាត ដែលអាចអូសបន្លាយក្នុង រយៈពេលវែង រក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលទទួលរង ផលវិបាក និងផលប៉ះពាល់នៃជំងឺរាតត្បាត ជាពិសេសកុមារកាំព្រា៕