គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម៖ រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនាដើមសម័យប្រជុំលើកទី៦

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែតុលា បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២៨ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាក្សាអំពីការតៀមរៀបចំអោយឲ្យសម័យប្រជុំលើកទី៦របស់រដ្ឋសភា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម៖ រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនាដើមសម័យប្រជុំលើកទី៦ - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


អគ្គលេខាធិការរដ្ឋសភាលោក Nguyen Hanh Phuc បានឲ្យដឹងថា សម័យប្រជុំលើកទី៦គ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី២២ ខែតុលា និងបិទបញ្ចប់នាថ្ងៃទី២១ ខែវិច្ឆិកា។ លោកបានឲ្យដឹងថែមទៀតថា ដោយឈរលើការស្រាវជ្រាវមតិយោបល់និងកម្មវិធីការងាររបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ នោះ រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនាដើមសម័យប្រជុំលើក ទី៦នេះ។ តាមគម្រោងថា នាថ្ងៃទី២២ ខែតុលា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan តាងនាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងថ្លែងរបាយការណ៍ស្ដីពីការត្រៀមបម្រុងបុគ្គលលក្ខណៈដើម្បីរដ្ឋសភាជ្រើសតាំងជាប្រធានរដ្ឋ។ នាថ្ងៃទី២៣ តុលា អង្គប្រជុំនឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ។ 

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាក្សាអំពីការបន្តអនុវត្តន៍សាកពិសោធន៍នូវការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ជនបរទេសចូលមកវៀតណាម។ តាមការកំណត់ថា ការអនុវត្តសាកពិសោធន៍នូវការផ្ដល់ទិដ្ឋការអេឡិចត្រូនិកសម្រាប់ជនបរទេសចូលមកវៀតណាម នឹងបញ្ចប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ ថ្លែងរបាយការណ៍របស់រដ្ឋាភិបាល ឧត្តមសេនីយ៍ឯក Le Quy Vuong អនុរដ្ឋមន្រ្តីក្រសួងនគរបាលបានសង្កត់ធ្ងន់ថា ការអនុវត្តសាកពិសោធន៍នូវការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ជនបរទេសចូលមកវៀតណាម បានឆ្លើយតបទៅនឹងសំណូមពរនានាដែលរដ្ឋសភាបានដាក់ចេញ ក៏ដូចជាសំណូមពរស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ បម្រើការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនិងពេញលេញរបស់បក្សនិងរដ្ឋ។

        អនុប្រធានរដ្ឋសភាលោក Do Ba Ty បានអោយដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវាយតម្លៃខ្ពស់ចំពោះការអនុវត្តសាកពិសោធន៍នូវការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ជនបរទេសចូលមកវៀតណាម ហើយឯកភាពថា ការបន្តអនុវត្តន៍គោលនយោបាយនេះគឺជាការងារចាំបាច់។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពបញ្ចូលខ្លឹមសារនេះទៅក្នុងសេចក្ដីសម្រេចចិត្តរួមរបស់រដ្ឋសភា ដោយពន្យាពេលអនុវត្តន៍សាកពិសោធន៍ក្នុងរយៈពេល២ឆ្នាំបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ