គណបក្សនយោបាយអន្តរជាតិសហប្រតិបត្តិការលើវិស័យសន្តិសុខក្នុងអំឡុងពេលរីករាលដាលនៃកូវីដ១៩
(VOVWORLD) - នៅសន្និសីទនេះ តំណាងចូលរួមបានបញ្ជាក់ថា ការដែលរដ្ឋាភិបាលផ្តល់អាទិភាពលើសន្តិសុខរបស់មនុស្សនិងសុខភាពរបស់ប្រជាជន ត្រូវបានចាត់ទុកថាជា កត្តាសំខាន់បំផុត។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាមលោក Hoang Binh Quan អញ្ជើញចូលរួមក្នុងសន្និសីទ |
សន្និសីទតុមូលនៃបណ្តាគណបក្សនយោបាយអន្តរជាតិ បានប្រារព្ធធ្វើឡើងនាថ្ងៃទី ១៤ ខែកក្កដា តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងកំឡុងពេលរីករាលដាលជំងឺរាតត្បាត កូវីដ ១៩” ដោយលោក Dmitry Anatolyevich Medvedev ប្រធានគណបក្សរុស្ស៊ីឯកភាព និងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិនៃសហព័ន្ធរុស្ស៊ី ធ្វើជាអធិបតីភាព។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាមលោក Hoang Binh Quan បានរួមជាមួយតំណាងគណបក្សកាន់អំណាចនិងគណបក្សនយោបាយនៃប្រទេសមួយចំនួន ដូចជា ចិន ជប៉ុន អាល្លឺម៉ង់ ស៊ីប កាហ្សាក់ស្ថាន ទួរគី អ៊ុយក្រែន ស៊ែប៊ីនិងអេស្ប៉ាញបានចូលរួមនៅក្នុងសន្និសីទនេះ។
នៅសន្និសីទនេះ តំណាងចូលរួមបានបញ្ជាក់ថា ការដែលរដ្ឋាភិបាលផ្តល់អាទិភាពលើសន្តិសុខរបស់មនុស្សនិងសុខភាពរបស់ប្រជាជន ត្រូវបានចាត់ទុកថាជា កត្តាសំខាន់បំផុត។ ជាមួយគ្នានេះ អង្គសន្និសីទក៏បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់និងប្រទេសនានា បង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាអនុវត្តរាល់កិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីការហាមឃាត់ការអភិវឌ្ឍនិងការប្រើប្រាស់អាវុធជីវសាស្ត្រ។ ទន្ទឹមជាមួយគ្នានោះ ខិតខំស្រាវជ្រាវ ផលិតនិងចែកចាយថ្នាំនិងវ៉ាក់សាំងការពារផងដែរ។
ថ្លែងនៅឯសន្និសីទ តំណាងវៀតណាម លោក Hoang Binh Quan បានលើកឡើងនូវសំណើរដើម្បីបង្កើនការសម្របសម្រួលអំពីគោលនយោបាយ ការចែករំលែកព័ត៌មាន បទពិសោធន៍ និងលទ្ធផលស្រាវជ្រាវឲ្យបានទាន់ពេលវេលា។ លើសពីនេះទៅទៀត ត្រូវធានាសុវត្ថភាពសម្រាប់ពលរដ្ឋនៃប្រទេសកំពុងស្ថិតក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរីកត្បាតកូវីដ ១៩ ឲ្យទទួលបាននូវព័ត៌មានពេញលេញ និងត្រូវបានព្យាបាលប្រសិនបើមានការឆ្លងជំងឺ ហើយអាចទទួលបានជំនួយមនុស្សធម៌។ ជាពិសេស ត្រូវលើកកម្ពស់តួនាទីរបស់អង្គការអន្តរជាតិនិងស្ថាប័នពហុភាគីក្នុងការជំរុញកិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងធានាសន្តិសុខនៅទូទាំងពិភពលោកទៀតផង។
អង្គសន្និសីទបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ របស់វៀតណាម ក៏ដូចជាទស្សនៈរបស់បក្សនិងរដ្ឋាភិបាលវៀតណាម ក្នុងការយកប្រជាជនជាអាទិភាពកំពូល និងទទួលស្គាល់រាល់សំណើរបស់វៀតណាមផងដែរ៕