គណៈប្រតិភូវៀតណាមនៅទីក្រុងហ្សឺណែវចូលរួមសកម្មភាពសមភាពយេនឌ័រក្នុងឱកាសទិវានារីអន្តរជាតិ

(VOVWORLD) - អង្គការសហប្រជាជាតិបានជ្រើសរើសប្រធានបទនៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំនេះថា "សមភាពយេនឌ័រថ្ងៃនេះសម្រាប់ថ្ងៃស្អែកប្រកបដោយនិរន្តរភាព"។ 

ការប្រារព្ធទិវា នារីអន្តរជាតិឆ្នាំនេះ មានគោលបំណងទទួលស្គាល់និងផ្តល់កិត្តិយសដល់ស្ត្រីនិងកុមារីដែលកំពុងឈានមុខគេក្នុងការសម្របខ្លួននិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងដើម្បីអបអរសាទរភាពជាអ្នកដឹកនាំ និងការរួមចំណែករបស់ពួកគេសម្រាប់អនាគតប្រកបដោយចីរភាព។

ឆ្លើយតបនឹងប្រធានបទនេះ គណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញចូលរួមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍និងសិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណែត ដែលរួមគ្នារៀបចំដោយអង្គការអន្តរជាតិប្រចាំទីក្រុងហ្សឺណែវ (WTO, ITC និង UNCTAD) ដូចជា "ការប្រគល់សិទ្ធសម្រាប់ស្ត្រីក្នុងពាណិជ្ជកម្មបៃតង", "ការចែករំលែកខាងត្បូង-ខាងត្បូងលើបទពិសោធន៍គោលនយោបាយ៖ ការបញ្ជ្រាបយេនឌ័រក្នុងការរៀបចំគោលនយោបាយជាតិ" និងការតាំងពិព័រណ៍នៅទីក្រុងហ្សឺណែវស្តីពីការរួមចំណែករបស់មេដឹកនាំស្ត្រីចំពោះពហុភាគីនិយមនិងវឌ្ឍនភាពក្នុងវិស័យសន្តិភាពនិងសន្តិសុខ សិទ្ធិមនុស្សនិងការអភិវឌ្ឍ។

រហូតមកដល់បច្ចុប្បន្ន វៀតណាមត្រូវបានសហគមន៍អន្តរជាតិស្វាគមន៍ចំពោះសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិស្ត្រីចូលរួមក្នុងការគ្រប់គ្រង។ នៅតំបន់ស្វីសបច្ចុប្បន្ន ប្រធានគណៈប្រតិភូវៀតណាមនៅទីក្រុងហ្សឺណែវ និងស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Bern គឺជាឯកអគ្គរដ្ឋទូតស្ត្រី។ គណៈប្រតិភូអចិន្ត្រៃយ៍ការទូតវៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសមភាពយេនឌ័រនៅតាមបណ្តាវេទិការនិងអង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ