គណៈប្រតិភូអាហ្វ្រិកស្នើផែនការសន្តិភាពសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន
(VOVWORLD) - កាលពីថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Saint Petersburg (រុស្ស៊ី) ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបពិភាក្សាជាមួយគណៈប្រតិភូការទូតជាន់ខ្ពស់អាហ្រ្វិក លើការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន។ គណៈប្រតិភូអាហ្រ្វិករួមមានមេដឹកនាំមកពីប្រទេសអាហ្វ្រិកខាងត្បូង អេហ្ស៊ីប សេណេហ្គាល់ ហ្សាំប៊ី អ៊ូហ្គង់ដា សាធារណរដ្ឋកុងហ្គោ និងកូម៉ូរ៉ូ។
ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្ត។ រូបថត៖ Reuters |
នៅក្នុងកិច្ចពិភាក្សានោះ ប្រតិភូការទូតអាហ្រ្វិកបានអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែន ចូលមកតុចរចាដើម្បីបញ្ឈប់ជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយអាហ្វ្រិកមានបំណងចង់ក្លាយជាអ្នកសម្រុះសម្រួលក្នុងដំណើរការស្វែងរកសន្តិភាពនេះ។ គណៈប្រតិភូអាហ្រ្វិកបានស្នើផែនការសន្តិភាពដែលផ្តោតលើចំណុចសំខាន់ៗចំនួន ១០ រួមទាំងកិច្ចចរចាការទូតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន; កាត់បន្ថយសកម្មភាពធ្វើឲ្យជម្លោះឡើងជណ្ដើរពីភាគីទាំងពីរ; ធានាអធិបតេយ្យភាពជាតិ និងជាតិសាសន៍ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ; ធានាសន្តិសុខសម្រាប់ប្រទេសទាំងអស់; ធានាការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីរបស់ភាគីទាំងពីរុស្ស៊ី និងអ៊ុយក្រែន; ការផ្លាស់ប្តូរឈ្លើយសឹក; ការកសាងឡើងវិញក្រោយសង្គ្រាម និងគាំទ្រដល់ជនរងគ្រោះដោយសារសង្គ្រាម។
រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេច សម្រាប់រាល់កិច្ចសន្ទនាមានលក្ខណៈស្ថាបនាជាមួយភាគីទាំងអស់ដែលចង់បានសន្តិភាព ដោយឈរលើគោលការណ៍យុត្តិធម៌ និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគីទាំងអស់ ហើយនឹងពិចារណាលើសំណើណាមួយពីបណ្តាប្រទេសអាហ្វ្រិកដើម្បីដោះស្រាយបញ្ហានៅអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តអភិក្រមប្រកបដោយតុល្យភាពរបស់មេដឹកនាំសហភាពអាហ្វ្រិកចំពោះស្ថានភាពនៅអ៊ុយក្រែន៕