គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៣នាក់
(VOVWORLD) - យោងតាមកាសែត NHK របស់ជប៉ុន គិតត្រឹមយប់ថ្ងៃទី ៣ ខែមករា ចំនួនអ្នកស្លាប់បន្ទាប់ពីការរញ្ជួយដីដ៏ធ្ងន់ធ្ងរជាបន្តបន្ទាប់ដែលបានកើតឡើងនៅថ្ងៃទី ១ ខែមករានៅក្នុងខេត្ត Ishikawa បានកើនឡើងរហូតដល់ ៧៣ នាក់។
បច្ចុប្បន្ននេះ អាជ្ញាធរទីក្រុង Wajima ទីក្រុង Suzu និងទីរួមខេត្ត Noto ក្នុងខេត្ត Ishikawa កំពុងបន្តវាយតម្លៃស្ថានភាពការខូចខាត ខណៈដែលផ្ទះសម្បែងជាច្រើនបានដួលរលំដោយសារតែការរញ្ជួយដី។
ក្រុមអ្នកជួយសង្គ្រោះស្វែងរកជនរងគ្រោះដែលជាប់គាំងនៅក្នុងគំនរបាក់បែកបន្ទាប់ពីការរញ្ជួយដី។ រូបថត៖ Kyodo/TTXVN |
អភិបាលក្រុង Suzu នៅជិតចំណុចកណ្តាលនៃការរញ្ជួយដី លោក Masuhiro Izumiya បានឲ្យដឹងថា ការរញ្ជួយដីបានបណ្តាលឱ្យផ្ទះសម្បែងចំនួន ៩០% នៅក្នុងទីក្រុងត្រូវបានបំផ្លាញទាំងស្រុងឬមួយផ្នែក។ អាកាសធាតុមិនល្អ និងហានិភ័យនៃការរញ្ជួយដីកំពុងរារាំងដល់ការស្វែងរកអ្នកដែលកំពុងបាត់ខ្លួន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែមករា នាយករដ្ឋមន្ត្រី ជប៉ុន លោក Fumio Kishida បានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចចិត្តបង្កើនបុគ្គលិកនៃកងកម្លាំងស្វ័យការពារ (SDF) ចំនួនទ្វេដង ទៅកាន់តំបន់គ្រោះមហន្តរាយ។ អាជ្ញាធរមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់និងរងរបួសដោយសារគ្រោះរញ្ជួយដីនេះនឹងបន្តកើនឡើង។ យោងតាមការធ្វើស្ថិតិរបស់អាជ្ញាធរជប៉ុន មនុស្សជាង ៣១.៨០០ នាក់ត្រូវបានជម្លៀស និងរស់នៅក្នុងជំរុំបន្ទាប់ពីការរញ្ជួយដី ហើយផ្ទះសម្បែងយ៉ាងហោចណាស់ ២០០ខ្នង់ បានដួលរលំ៕