គោលនយោបាយការបរទេសរបស់ចិន រក្សាលក្ខណៈបន្ត និងស្ថិរភាព ក្រោយមហាសន្និបាតបក្សលើកទី២០
(VOVWORLD) - ការអភិវឌ្ឍរបស់ចិននឹងនាំមកនូវឱកាសដ៏សំខាន់ និងផលប្រយោជន៍ដ៏ធំធេងដល់បណ្ដាប្រទេសនៅលើពិភពលោក។
អញ្ជើញថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាសមាជិកអាស៊ានដើម្បីផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាតបក្សលើកទី ២០ កាលពីថ្ងៃទី ២៦ តុលា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអះអាងថា គោលនយោបាយការបរទេសរបស់ចិននឹងរក្សាលក្ខណៈបន្ត និងស្ថិរភាព ក្នុងនោះអាស៊ានមានឋានៈអាទិភាពក្នុងគោលនយោបាយការបរទេសភាពជាអ្នកជិតខាង។ នេះគឺជាជំនួបកិច្ចការបរទេសដើមដំបូងរបស់រដ្ឋមន្ត្រីការបរទេសចិន ក្រោយមហាសន្និបាតបក្សលើកទី ២០។
លោក Wang Yi បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ចិននឹងនាំមកនូវឱកាសដ៏សំខាន់ និងផលប្រយោជន៍ដ៏ធំធេងដល់បណ្ដាប្រទេសនៅលើពិភពលោក។ ចិននឹងបន្តចាត់ទុកការទូតជាមួយប្រទេសជិតខាងគឺជាអាទិភាពជួរមុខ ហើយត្រៀមខ្លួនជាស្រេចរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានកាន់តែអភិវឌ្ឍ និងវិបុលភាពរួម ឆ្ពោះទៅរកទំនើបកម្ម។ លោក Wang Yi បាននិយាយថា អភិបាលកិច្ចពិភពលោកបានបើក "គ្រាអាស៊ី" នៅពេលដែលបណ្ដាប្រទេសជាសមាជិកអាស៊ាននឹងរៀបចំកិច្ចប្រជុំពហុភាគីសំខាន់ៗចំនួន ៣ នៅឆ្នាំនេះ គឺកិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំកំពូល APEC និងកិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ លោកមានគោលបំណងថា អាស៊ាននឹងប្រកាន់ខ្ជាប់ឯករាជ្យ ម្ចាស់ការ និង “បែបផែនអាស៊ាន” រក្សាមជ្ឈភាពរបស់អាស៊ាន ផ្តោតលើបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល ជាមួយការយល់ដឹងសហគមន៍ ដាក់បញ្ជូលការរួមវិភាគទានរបស់អាស៊ីទៅក្នុងអភិបាលកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងបង្ហាញពីកម្លាំងពលំអាស៊ីផងដែរ៕