ចំណុចភ្លឺជាច្រើនក្នុងសេដ្ឋកិច្ចវៀតណាម នារយៈពេល ៥ ខែដើមឆ្នាំ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ឧសភា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានស្ថិតិបានប្រកាសរបាយការណ៍សេដ្ឋកិច្ចសង្គមខែឧសភា និងរយៈពេល ៥ ខែដើមឆ្នាំ។ ចំណុចភ្លឺជាច្រើននៅក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមនឹងបង្កើតបុព្វបទសម្រាប់កំណើនក្នុងប៉ុន្មានខែដែលនៅសល់នៃឆ្នាំនេះ។
ជាក់ស្តែង ផលិតកម្មឧស្សាហកម្មក្នុងខែឧសភាបន្តរក្សាបាននូវនិន្នាការកំណើនវិជ្ជមាន បើធៀបនឹងខែមុន។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងខែឧសភាត្រូវបានប៉ាន់ប្រមាណកើនឡើង ៣,៩% បើធៀបនឹងខែមុន និង ៨,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មទាំងមូលបានកើនឡើង ៦,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទស្សន៍នេះបានកើនឡើងនៅតាមខេត្តក្រុងទាំង ៥៥/៦៣ ទូទាំងប្រទេស។
រោងចក្រកែច្នៃអង្ករ - ក្រុមហ៊ុន Thoai Song បានផលិតផលអង្ករប្រហែល ១០០.០០០ តោន ដើម្បីធានាគុណភាពនាំចេញ។ រូបភាព៖ Pham Hau - VNA |
ក្នុងរយៈពេល៥ ខែដើមឆ្នាំ ការលក់រាយទំនិញនិងសេវាប្រើប្រាស់សរុប មានចំនួន ២.៥៨០,២ ទ្រីលានដុង កើនឡើង ៨,៧% បើធៀបនឹងឆ្នាំមុន។ ទុនវិនិយោគផ្ទាល់ពីបរទេសសរុបដែលបានចុះបញ្ជីនៅវៀតណាមគិតត្រឹមថ្ងៃទី ២០ ឧសភា សម្រេចបានជិត ១១,០៧ ពាន់លានដុល្លារអាមេរិក។ ទុន FDI អនុវត្តនៅវៀតណាមក្នុងរយៈពេល ៥ ខែដើមឆ្នាំ មានចំនួន ៨,២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សេដ្ឋវិទូ លោក Nguyen Minh Phong បានធ្វើអធិប្បាយថា៖ “ចំណុចវិជ្ជមានមួយគឺការបញ្ជាទិញមានភាពប្រសើរឡើងក្នុងផ្នែកទំនិញដូចជាវាយនភណ្ឌកាត់ដេរ និងស្បែកជើង ហើយផ្នែកមួយចំនួនដែលកាលពីឆ្នាំមុនមានការលំបាកច្រើន នៅឆ្នាំនេះក៏មានការរីកចម្រើនដែរ។ ចំណុចវិជ្ជមានមួយទៀតគឺមានកំណើនខ្លាំងក្នុងវិស័យទេសចរណ៍ និងការទាក់ទាញការវិនិយោគពីបរទេស បង្កើតធនធានបន្ថែមដ៏ល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច”។
ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចូលនិងនាំចេញទំនិញសរុបសម្រេចបាន៣០៥,៥៣ពាន់លានដុល្លារអាមេរិក ដោយមានអតិរេកពាណិជ្ជកម្មជាង៨ពាន់លានដុល្លារអាមេរិក៕