ចិន សហភាពអឺរ៉ុបសន្ទនាគ្នាអំពីបញ្ហាបរិស្ថាន និងអាកាសធាតុ
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា ចិនបានត្រៀមខ្លួនជាស្រេចធ្វើការជាមួយ EU ដើម្បីទាញយកឱ្យកាន់តែប្រសើរឡើងនូវកិច្ចសន្ទនាស្តីពីបរិស្ថាន និងអាកាសធាតុ បន្តបង្កើតការឯកភាពគ្នា ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
កិច្ចសន្ទនាជាន់ខ្ពស់ (រូបថត៖ VNA) |
កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីបរិស្ថាន និងអាកាសធាតុលើកទី៤ រវាងសហភាពអឺរ៉ុប (EU) និងចិនបានប្រព្រឹត្តទៅកាលពីម្សិលមិញ (ថ្ងៃទី៤ ខែកក្កដា) នៅទីក្រុងប៉េកាំង ប្រទេសចិន។ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang និងអនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប (EC) លោក Frans Timmermans បានធ្វើជាប្រធានកិច្ចសន្ទនានេះ។
នៅក្នុងកិច្ចសន្ទនានេះ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang បានសង្កត់ធ្ងន់ថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារអេកូឡូស៊ី និងបរិស្ថាន ក៏ដូចជាការប្រែប្រួលអាកាសធាតុ ជំរុញការអភិវឌ្ឍបៃតង និងកាបូនទាបដោយឥតឈប់ឈរ។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា ចិនបានត្រៀមខ្លួនជាស្រេចធ្វើការជាមួយ EU ដើម្បីទាញយកឱ្យកាន់តែប្រសើរឡើងនូវកិច្ចសន្ទនាស្តីពីបរិស្ថាន និងអាកាសធាតុ បន្តបង្កើតការឯកភាពគ្នា ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ចំណែកឯអនុប្រធាន EC លោក Timmermans បាននិយាយថា EU និងចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបជាសកលចំពោះការប្រែប្រួលអាកាសធាតុ។ សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ចិនក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចវិលជុំ ការការពារជីវចម្រុះ និងក្នុងវិស័យជាច្រើនទៀត៕