ចិន អំពាវនាវ​ឲ្យ​​​​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​ការសន្ទនា ​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង

(VOVWORLD) - ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុន នៅថ្ងៃទី៤ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិនឲ្យដឹងថា ប្រទេសចិនបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ធ្វើកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។ 
ចិន អំពាវនាវ​ឲ្យ​​​​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​ការសន្ទនា ​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង - ảnh 1ទូរទស្សន៍កូរ៉េខាងត្បូង រាយការណ៍អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

ទីក្រុងប៉េកាំងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹង "ប្រដេញតាមគោលនយោបាយស្វែងរកកិច្ចព្រមព្រៀងនយោបាយលើបញ្ហានៅឧបទ្វីបកូរ៉េ និងដោះស្រាយរាល់ក្តីកង្វល់របស់គ្នាទៅវិញទៅមក ប្រកបដោយតុល្យភាពតាមរយៈការសន្ទនា"។

នៅក្នុងការវិវត្តពាក់ព័ន្ធមួយនាថ្ងៃដដែលនោះ សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធរួមគ្នានៅលើសមុទ្រជប៉ុន។ អគ្គសេនាធិការកងទ័ពចម្រុះជប៉ុនបានឲ្យដឹងថា យន្តហោះចម្បាំងជប៉ុនចំនួន ៨គ្រឿង និងយន្តហោះចម្បាំងអាមេរិក ៤គ្រឿង បានចូលរួមក្នុងសមយុទ្ធនៅលើផ្ទៃមេឃភាគខាងលិចកោះ Kyushu។ សមយុទ្ធនេះត្រូវបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានជួបពិភាក្សាជាមួយឧត្តមនាវី John Aquilino ប្រមុខបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក នៅកោះហាវ៉ៃ ។

កាយវិការទាំងនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលហោះរំលងដែនអាកាសជប៉ុន ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ដែលបណ្តាលឱ្យប្រទេសនេះ ប្រកាសភាពអាសន្ននៅក្នុងតំបន់មួយចំនួន។ គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់ចូលក្នុងសមុទ្រ ហើយមិនបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងការខូចខាតណាមួយឡើយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ