ចិនជឿជាក់ថារាល់កិច្ចចរចាជាមួយអាមេរិកអាចនាំមកនូវលទ្ធផលវិជ្ជមាន
(VOVWORLD) - នាថ្ងៃទី ១៩ ខែមិថុនា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានឲ្យដឹងថា រាល់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយអាមេរិកអាចនាំមកនូវលទ្ធផលវិជ្ជមានបន្ទាប់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពតភ្ជាប់ការចរចាជាមួយគ្នានៅឯកិច្ចប្រជុំកំពូល G20 នាចុងខែនេះនៅប្រទេសជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang |
លោក Lu Kang ក៏បានសង្កត់ធ្ងន់ថា ការស្វែងរកបាននូវដំណោះស្រាយ មួយ ដែលត្រូវបានភាគីទាំងពីរឯកភាពគ្នាពិតជាដើរតួរនាទីដ៏សំខាន់ផងដែរ ។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងទ្វេភាគីគឺជាផលប្រយោជន៍មិនត្រឹមតែសម្រាប់ប្រជាជននៃប្រទេសទាំងពីរតែប៉ុណ្ណោះទេ ថែមទាំងជាការរំពឹងទុករបស់ពិភពលោកទាំងមូលទៀតផង។ តាមរយៈការផ្លាស់ប្តូរទ្វេភាគីអស់រយៈពេល ៤ ទសវត្សរ៍កន្លងមកនេះ លោក Lu kang បានជឿជាក់ថា ភាគីទាំងពីរអាចសម្រេចបាននូវលទ្ធផលវិជ្ជមាន ហើយលោកបន្តទៀតថានៅក្នុងកិច្ចប្រជុំកំពូល G20ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុននាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីរនឹង «មានជំនួបពិភាក្សាគ្នាអំពីអ្វីដែលពួកគេចង់បាន»ផងដែរ៕