ចំនួនករណីឆ្លង កូវីដ ១៩ លើទូទាំងពិភពលោកកើនលើសពី ១៤៧ លាននាក់
(VOVWORLD) - ប្រទេសកម្ពុជាក្នុងថ្ងៃទី២៤ ខែមេសា បានរកឃើញករណីឆ្លង កូវីដ ១៩ ថ្មី ចំនួន៥០៩នាក់ ខណៈដែលមានអ្នកស្លាប់ថ្មី ១០ នាក់ថែមទៀត។
គិតត្រឹមវេលាម៉ោង១ថ្ងៃទី២៥ ខែមេសា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ ១៩ សរុបជាង ១៤៧ លាននាក់ ក្នុងនោះករណីស្លាប់ដោយសារជម្ងឺរាតត្បាតនេះ មានចំនួនជាង៣,១១លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារវិបត្តិ កូវីដ ១៩ ដោយមានចំនួនករណីឆ្លងជាង៣២,៧លានករណី និងករណីស្លាប់ជាង៥៨៥.៧០០ករណី។
នៅឥណ្ឌា ដែលជាប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតបន្ទាប់ពីអាមេរិកនោះ មានមនុស្សចំនួនជាង១៦,៩ លាននាក់ត្រូវឆ្លងវីរុស SARS-CoV-2 រាប់បញ្ចូលទាំងករណីស្លាប់ចំនួនជាង១៩២.៣០០ នាក់។ នៅថ្ងៃទី២៤ ខែមេសា ឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីជិត៣៥ម៉ឺននាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការផ្ទុះជម្ងឺនៅប្រទេសនេះ។ ដូច្នេះហើយ ឥណ្ឌាបានឆ្លងកាត់រយៈពេល៣ថ្ងៃជាប់ៗគ្នាហើយដែលកត់ត្រាករណីឆ្លងថ្មីលើសពី៣០ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតលើពិភពលោកក្នុងប៉ុន្មានថ្ងៃកន្លងមក។ ប្រទេសនេះកំពុងខ្វះខាតគ្រែសម្រាប់អ្នកជម្ងឺ កូវីដ ១៩ និងថ្នាំព្យាបាលយ៉ាងខ្លាំង ជាពិសេសគឺប្រភពផ្គត់ផ្គង់អុកស៊ីសែន។
ក្នុងពេលជាមួយគ្នានោះ ប្រទេសកម្ពុជាក្នុងថ្ងៃទី២៤ ខែមេសា បានរកឃើញករណីឆ្លង កូវីដ ១៩ ថ្មី ចំនួន៥០៩នាក់ ខណៈដែលមានអ្នកស្លាប់ថ្មី ១០ នាក់ថែមទៀត។ នេះជាថ្ងៃដែលមានករណីស្លាប់ខ្ពស់បំផុត គិតចាប់តាំងពីពេលដែលប្រទេសកម្ពុជាកត់ត្រាករណីស្លាប់ដើមដំបូងដោយសារពាក់ព័ន្ធដល់ “ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ”៕