ចិននិងបារាំងអំពាវនាវឲ្យអ៊ីស្រាអែលនិងក្រុមហាម៉ាសឈប់បាញ់ជាបន្ទាន់
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានរដ្ឋចិន លោក Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ឧសភា។ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើបញ្ហាសំខាន់ៗជាច្រើន រួមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍រួមបានថ្កោលទោសរាល់ការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងអំពើភេរវកម្ម និងការវាយប្រហារលើជនស៊ីវិល។ ប្រមុខរដ្ឋទាំងពីរបានបញ្ជាក់ជាថ្មីពីតម្រូវការការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា ដោយផ្អែកលើច្បាប់មនុស្សធម៌អន្តរជាតិ ប្រឆាំងជំទាស់នឹងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងរ៉ាហ្វា ដោយចាត់ទុកថាវានឹងនាំមកនូវគ្រោះសោកនាដកម្មមនុស្សធម៌កាន់តែខ្លាំង ទន្ទឹមនឹងនោះ ប្រឆាំងជំទាស់នឹងការជម្លៀសជនស៊ីវិលប៉ាឡេស្ទីនដោយចាប់បង្ខំ។
ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីបារាំង លោក Emmanuel Macron។ រូបថត៖ ស៊ីនហួ។ |
ប្រមុខរដ្ឋទាំងពីរបានសង្កត់ធ្ងន់ថា អាទិភាពកំពូលគឺអនុវត្តបទឈប់បាញ់ជាស្ថាពរភ្លាមមួយរំពិច ធានាការផ្តល់ជំនួយមនុស្សធម៌ក្នុងទ្រង់ទ្រាយធំ និងការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា ហើយបានអំពាវនាវឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងធានាការអនុលោមតាមច្បាប់អន្តរជាតិចំពោះអ្នកដែលត្រូវបានឃុំខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ចិននិងបារាំងបានរំលឹកឡើងវិញនូវការប្តេជ្ញាជំរុញដំណោះស្រាយនយោបាយនិងការទូតសម្រាប់បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ សង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរក្សាសេរីភាពនាវាចរណ៍នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden អំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើកប៉ាល់ស៊ីវិល ដើម្បីធានាសន្តិសុខនាវាចរណ៍និងពាណិជ្ជកម្មសកល ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់មួយ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិកឆ្នាំ ២០២៤៕