ចំនួនមនុស្សបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅប្រទេសចិនបានកើនឡើង
(VOVWORLD) - អាជ្ញាធរចិនបានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២១ ខែសីហា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្ត Qinghai ភាគពាយ័ព្យប្រទេសចិន បានកើនឡើងដល់ ២៦ នាក់ហើយ ខណៈដែលមនុស្ស ៥នាក់ទៀតកំពុងបាត់ខ្លួន។
រូបថត៖ AFP/TTXVN |
យោងតាមទីភ្នាក់ងារឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនៃខេត្ត Qinghai បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមធ្លាក់មកលើតំបន់នេះ តាំងពីយប់ថ្ងៃទី ២០ ខែសីហា ដែលបណ្តាលឱ្យមានទឹកជំនន់ ការរអិលបាក់ដី និងការផ្លាស់ប្តូរចរន្តទឹកទន្លេ។ ប្រជាពលរដ្ឋចិនចំនួនជាង ៦២០០ នាក់ នៅភូមិចំនួន ៦ ក្នុងស្រុក Datong បានរងផលប៉ះពាល់។ មុននោះ កងកម្លាំងមុខងារបានជួយសង្គ្រោះមនុស្ស ២៣នាក់ ដែលបាត់ខ្លួនដោយសារទឹកជំនន់។ ប្រព័ន្ធអគ្គិសនី និងទូរគមនាគមន៍នៅតំបន់រងគ្រោះត្រូវបានស្ដារឡើងវិញ ខណៈដែលផ្លូវថ្នល់ និងស្ពានត្រូវបានតភ្ជាប់ឡើងវិញ។ ប្រទេសចិនកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយជាបន្តបន្ទាប់ដែលបង្កឡើងដោយទឹកជំនន់នៅរដូវក្តៅនេះ រួមជាមួយនឹងស្ថានភាពកម្តៅហក់ឡើងយ៉ាងខ្លាំង និងគ្រោះរាំងស្ងួតនៅក្នុងតំបន់ផ្សេងៗគ្នា៕