ចិនប្តេជ្ញាជំរុញកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - នេះជាការអះអាងរបស់បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការអាស៊ី អឺរ៉ុប លោក Li Hui កាលពីថ្ងៃទី ២៧ ខែឧសភា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ 
ចិនប្តេជ្ញាជំរុញកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន - ảnh 1ប្រជាជនអ៊ុយក្រែន ជម្លៀសចេញពីទីក្រុង Irpin ភាគពាយ័ព្យនៃរដ្ឋធានី Kiev ។ រូបថត៖ AFP/VNA

លោក Li Hui បានឲ្យដឹងថា  ដោយផ្អែកលើលក្ខខណ្ឌនៃឯកសារ "គោលជំហររបស់ចិនចំពោះដំណោះស្រាយនយោបាយសម្រាប់វិបត្តិអ៊ុយក្រែន" ទីក្រុងប៉េកាំងនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងការសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងរុស្ស៊ី និងខិតខំប្រឹងប្រែងពិតប្រាកដសម្រាប់ដំណោះស្រាយនយោបាយចំពោះវិបត្តិនៅអ៊ុយក្រែន។ ចិនជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរយុត្តិធម៌ និងសត្យានុម័តចំពោះអ៊ុយក្រែន ដោយប្រដេញតាមសន្តិភាព និងជំរុញការចរចា។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអះអាងពីការប្តេជ្ញារបស់រុស្ស៊ី ចំពោះដំណោះស្រាយនយោបាយ និងការទូតសម្រាប់ជម្លោះនៅអ៊ុយក្រែន។ លោក Sergey Lavrov ក៏បានកត់សម្គាល់ពីឧបសគ្គដ៏ធ្ងន់ធ្ងរដែលបង្កើតឡើងដោយអ៊ុយក្រែន និងលោកខាងលិចចំពោះការបន្តកិច្ចចរចាសន្តិភាពផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ