ចិនបានប្រកាសថា នឹងតបតវិញសហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហាទីបេ និងជំនួយយោធាដល់តៃវ៉ាន់ (ចិន)
(VOVWORLD) - ចិននឹងធ្វើការឆ្លើយតបយ៉ាងសមស្របចំពោះមន្ត្រីអាមេរិកទាក់ទងនឹងបញ្ហាទីបេ និងការដែលទីក្រុងវ៉ាស៊ីនតោនបានអនុម័តលើកញ្ចប់ជំនួយយោធាដែលមានតម្លៃ ៨០ លានដុល្លារអាមេរិក ដល់តៃវ៉ាន់ (ចិន) ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen Bin ។ រូបថត៖ ក្រសួងការបរទេសចិន |
ទំនាក់ទំនងចិន-អាមេរិកបន្តមានភាពតានតឹងក្នុងបរិបទដែលនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី ៣១ ខែសីហា នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen Bin បានប្រកាសថា ចិននឹងធ្វើការឆ្លើយតបយ៉ាងសមស្របចំពោះមន្ត្រីអាមេរិកទាក់ទងនឹងបញ្ហាទីបេ និងការដែលទីក្រុងវ៉ាស៊ីនតោនបានអនុម័តលើកញ្ចប់ជំនួយយោធាដែលមានតម្លៃ ៨០ លានដុល្លារអាមេរិក ដល់តៃវ៉ាន់ (ចិន) ។
តាមនោះ ទីក្រុងប៉េកាំងនឹងដាក់កំហិតទិដ្ឋាការលើមន្ត្រីអាមេរិក ដោយសារតែ "ការមួលបង្កាច់ បង្ខូច និងការជ្រៀតជ្រែកចូលក្នុងបញ្ហាទាក់ទងនឹងតំបន់ទីបេ" ដែលជាការឆ្លើយតបទៅនឹងសកម្មភាពស្រដៀងគ្នារបស់ទីក្រុងវ៉ាស៊ីនតោនសំដៅទៅលើមន្ត្រីទីក្រុងប៉េកាំងមួយចំនួន។ ប្រទេសចិនបានប្រកាសពីការ"ប្រឆាំងជំទាស់យ៉ាងដាច់ខាត ហើយនឹងមិនទទួលយក" សកម្មភាពរបស់អាមេរិក ដោយចាត់ទុកថា នេះគឺជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
ជាមួយគ្នានេះ អ្នកសនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian ក៏បានប្រកាសថា កងទ័ពចិន «នឹងចាត់វិធានការចាំបាច់ទាំងអស់ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់» ទាក់ទងនឹងកញ្ចប់ជំនួយយោធារបស់អាមេរិក សម្រាប់តៃវ៉ាន់ (ចិន)។ យោងតាមអ្នកនាំពាក្យរូបនេះ សន្តិសុខរបស់តៃវ៉ាន់ (ចិន) គឺពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជននៅតំបន់ច្រកសមុទ្រទាំងសងខាង តាមគោលការណ៍ "ប្រទេសចិនតែមួយ" មិនមែនពឹងផ្អែកលើជំនួយ ឫការលក់អាវុធរបស់អាមេរិកឡើយ៕