ចិនប្រតិកម្មយ៉ាងខ្លាំងចំពោះច្បាប់ប្រគល់សិទ្ធិការពារជាតិរបស់សហរដ្ឋអាមេរិក
(VOVWORLD) - នៅថ្ងៃទី ២៤ និង ២៥ ខែធ្នូ ប្រទេសចិនបានបន្តប្រឆាំងជំទាស់នឹងខ្លឹមសារនៃច្បាប់ថវិកាការពារជាតិរបស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៥ រួមទាំងបទប្បញ្ញត្តិទាក់ទងនឹងប្រទេសនេះ និងការគាំទ្រផ្នែកយោធាសម្រាប់តៃវ៉ាន់ (ចិន)។
នៅក្នុងប្រតិកម្មថ្មីបំផុតដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែធ្នូ អ្នកនាំពាក្យគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាចិន លោក Xu Dong "បានសម្តែងការស្អប់ចិត្តយ៉ាងខ្លាំង និងការប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់" ដោយចាត់ទុកថា ច្បាប់ប្រគល់សិទ្ធិការពារជាតិរបស់សហរដ្ឋអាមេរិក (NDAA) សម្រាប់ឆ្នាំសារពើពន្ធ២០២៥ មានបទប្បញ្ញត្តិអវិជ្ជមានទាក់ទងនឹងប្រទេសចិន ជាមួយនឹងការបន្តបំផ្លើស "ការគំរាមកំហែងចិន" ការបង្កើនការគាំទ្រផ្នែកយោធាសម្រាប់តៃវ៉ាន់ ការរារាំងការអភិវឌ្ឍសេដ្ឋកិច្ច និងវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ប្រទេសនេះ ក៏ដូចជាការរឹតបន្តឹងលើការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងបុគ្គលិករវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែធ្នូ។ រូបភាព៖ ក្រសួងការបរទេសចិន |
យោងតាមអ្នកនាំពាក្យ ច្បាប់នេះបាន "ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យខូចខាតដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន"។ លោកបានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន មិនធ្វើកំហុសម្តងទៀតនៅក្នុងបញ្ហាដែលទាក់ទងនឹងអធិបតេយ្យភាពនិងផលប្រយោជន៍ស្នូលរបស់ទីក្រុងប៉េកាំង ហើយបានព្រមានថា "ប្រទេសចិននឹងចាត់វិធានការស្របច្បាប់ដែលចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិ"៕