ចិនមានសុឆន្ទៈ សហប្រតិបត្តិការជាមួយរុស្ស៊ីដើម្បីជំរុញទំនាក់ទំនងឱ្យឈានដល់សម័យកាលថ្មី
(VOVWORLD) - កាលពី ថ្ងៃទី ២១ ខែធ្នូ អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានជួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping ។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dimitry Medvedev និងប្រធានរដ្ឋចិន លោក Xi Jinping ។ (រូបថត៖TASS) |
ថ្នាក់ដឹកនាំគណបក្សបង្រួបបង្រួមរុស្ស៊ី និងបក្សកុម្មុយនិស្តចិនបានពិភាក្សាអំពីបញ្ហាអន្តរកម្មរវាងបក្សកាន់អំណាចទាំងពីរ អន្តរកម្មទ្វេភាគីនៃភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-ចិនលើគ្រប់វិស័យ រួមមាន៖ សេដ្ឋកិច្ច ឧស្សាហកម្ម និងវិស័យជាច្រើនទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិមួយចំនួន ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយលើកឡើងពីភាពចៃដន្យនៃទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ក្នុងវិធីសាស្រ្តអភិក្រម ចំពោះបញ្ហាបន្ទាន់បំផុតនៅលើពិភពលោក; លើកឡើងពីបញ្ហានៃការសម្របសម្រួលគោលនយោបាយការបរទេសជាយុទ្ធសាស្ត្រនៅវេទិកាពហុភាគី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ (ចិន) លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានសុឆន្ទៈ សហប្រតិបត្តិការជាមួយរុស្ស៊ី ដើម្បីជំរុញទំនាក់ទំនងទៅកាន់យុគសម័យថ្មី។ ប្រធានរដ្ឋចិនបានសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសនឹងឆ្ពោះទៅរកការអភិវឌ្ឍន៍អភិបាលកិច្ចសកល ប្រកបដោយយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប៕