ចិនអំពាវនាវឱ្យមានការដោះស្រាយជម្លោះអ៊ុយក្រែនដោយសន្តិវិធី
(VOVWORLD) - ទាក់ទងទៅលើស្ថានភាពនៅអ៊ុយក្រែន លោក Wang Yi បាននិយាយថា ចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងស្ថាបនា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនេះ។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ថ្លែងក្នុងសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៤ ខែកញ្ញា (រូបថត៖ AFP/TTXVN) |
ថ្លែងក្នុងសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី២៤ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ពិភពលោកបានឈានចូលដំណាក់កាលថ្មី ដែលពោរពេញទៅដោយបញ្ហាប្រឈម អស្ថិរភាព និងការប្រែប្រួលមិនធ្លាប់មានក្នុង រយៈពេលមួយសតវត្សកន្លងមកនេះ ប៉ុន្តែនេះក៏ជាយុគសម័យពោរពេញទៅដោយក្តីសង្ឃឹម ដែលក្នុងនោះ សន្តិភាព និងការអភិវឌ្ឍនៅតែជានិន្នាការលេចធ្លោ។
អ្នកការទូតចិនរូបនេះ បានអំពាវនាវឱ្យប្រទេសនានាគោរពសន្តិភាព ប្រឆាំងសង្គ្រាម និងអស្ថិរភាព និងដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្ទនា និងការពិគ្រោះយោបល់ដោយសន្តិវិធី; បន្តការអភិវឌ្ឍនិងការលុបបំបាត់ភាពក្រីក្រ។ ទាក់ ទងទៅលើស្ថានភាពនៅអ៊ុយក្រែន លោក Wang Yi បាននិយាយថា ចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងស្ថាបនា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនេះ។ លោកបានមានប្រសាសន៍ថា ដំណោះស្រាយជាមូលដ្ឋានគឺដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពស្របច្បាប់របស់ភាគីទាំងអស់ និងកសាងរចនាសម្ព័ន្ធសន្តិសុខប្រកប ដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។ តាមនោះ លោក Wang Yi បានសង្កត់ធ្ងន់ថា ចិនជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់កុំឱ្យវិបត្តិរីករាលដាល ហើយត្រូវការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍៕