ចិនអះអាងពីការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩
(VOVWORLD) - ថ្លែងមតិកាលពីថ្ងៃទី២៣ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning (ម៉ៅ នីង) បានអះអាងថា ជាមូលដ្ឋាន ស្ថានភាពនៃការបង្ការ និងប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនគឺអាចទាយទុកជាមុនបាន និងអាចគ្រប់គ្រងបាន។
រថភ្លើងមួយនៅទីក្រុងប៉េកាំង ចិន ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២។ រូបថត៖ AFP/TTXVN |
លោកស្រី Mao Ninh បានកត់សម្គាល់ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩មក រដ្ឋាភិបាលចិនបានការពារជីវិត និងសុខភាពរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព ក្នុងអំឡុងពេលនៃមេរោគដ៏គ្រោះថ្នាក់បំផុត។ នៅពេលដែលជំងឺរាតត្បាតឈានចូលដំណាក់កាលថ្មី ប្រទេសចិនបានបង្កើនប្រសិទ្ធភាពវិធានការបង្ការ និងទប់ស្កាត់ជំងឺ ដើម្បីធានាឲ្យមានលក្ខណៈវិទ្យាសាស្ត្រ ត្រឹមត្រូវ និងមានប្រសិទ្ធភាពជាងមុន។ បច្ចុប្បន្ននេះ អត្រានៃការចាក់វ៉ាក់សាំងកំពុងតែកើនឡើង សមត្ថភាពព្យាបាលជំងឺបន្តត្រូវបានកែលម្អ សមត្ថភាពផលិតកម្មសំភារៈវេជ្ជសាស្រ្តកំពុងត្រូវបានពង្រីក ហើយធានាការផ្គត់ផ្គង់ទូទៅ។
លោកស្រី Mao Ninh ក៏បានបន្ថែមថា ចិនបានចែករំលែកព័ត៌មានពាក់ព័ន្ធជាមួយអង្គការសុខភាពពិភពលោក (WHO) និងសហគមន៍អន្តរជាតិប្រកបដោយទំនួលខុសត្រូវ និងមានសុឆន្ទៈ បន្តសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមពីជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព៕