ចាប់ផ្តើមកម្មវិធី “ដាំដើមឈើរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង” ឆ្នាំ ២០២២
(VOVWORLD) - ពិធីបំផុសកម្មវិធី “ដាំដើមឈើរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង” ឆ្នាំ ២០២២ ត្រូវបានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្របសម្រួលជាមួយក្រុមហ៊ុនចំកាត់ Suntory PepsiCo វៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ។
គណៈប្រតិភូបានបើកកម្មវិធី “ដាំដើមឈើបៃតងរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង” ឆ្នាំ ២០២២។ (រូបថត៖ Phuong Thoa/VOV) |
កម្មវិធី “ដាំដើមឈើរាប់លានដើម - ដើម្បីវៀតណាមបៃតង” ឆ្នាំ ២០២២ នេះ សំដៅលើកកម្ពស់ការយល់ដឹងរបស់សមាជិកសហជីព យុវជន កុមារជំទង់ និងប្រជាជនអំពីតួនាទីរបស់ព្រៃឈើ បញ្ហាការពារព្រៃឈើ ការពារធនធានទឹក ការពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបង្រួបបង្រួមសហគមន៍។ កម្មវិធីបានកំណត់គោលដៅ ដាំដើមឈើថ្មីចំនួន ៥០,០០០ ដើមនៅក្នុងតំបន់ព្រៃលើ នៃខេត្ត Dak Lak និង Dak Nong ក្នុងឆ្នាំ២០២២នេះ។ លើសពីនេះទោទៀត គណៈចាត់តាំងកម្មវិធីបានចលនាឲ្យដាំកូនឈើ ១០.០០០ ដើមបន្ថែមទៀត ក្នុងយុទ្ធនាការ “កិច្ចសន្យាបៃតង” តាមរយៈអាសយដ្ឋាន Trieucayxanh.doanthanhnien.vn។ សមាជិកសហជីព និងយុវជនបានចុះឈ្មោះដើម្បីអនុវត្តន៍ "សកម្មភាពបៃតង" ជាច្រើន និងបានចូលរួមក្នុងល្បែងខ្នាតតូច "ដាំដើមឈើនិម្មិត - រួមចំណែកជាដើមឈើពិត"។
សមាជិកសហជីព និងយុវជនដែលចូលរួមក្នុងកម្មវិធី“ដាំដើមឈើបៃតងរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង” ឆ្នាំ ២០២២។ (រូបថត៖ Phuong Thoa/VOV) |
ថ្លែងមតិក្នុងពិធីនេះ លោក Bui Quang Huy លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសង្កត់ធ្ងន់ថា៖ “កាត្តាពិសេសក្នុងកម្មវិធី គឺនៅពេលចូលរួមក្នុងសកម្មភាពនានា សមាជិកសហភាពយុវជនសុទ្ធតែមានឱកាសរួមចំណែកដាំដើមឈើដោយសកម្មភាពជាក់លាក់ ដូចជាការអនុវត្តកិច្ចសន្យាបៃតង សកម្មភាពបៃតង និងការដាំដើមឈើនិម្មិត ដែលត្រូវបានគណៈចាត់តាំងកត់ត្រាហើយប្តូរទៅជាដើមឈើពិត ដើម្បីរួមចំណែកទៅក្នុងកម្មវិធី។ តាមនោះ បាននាំមកនូវបរិយាកាសមួយដែលសមាជិកសហជីពយុវជនអាចចូលរួមចំណែកដោយផ្ទាល់ ក្នុងការងារស្តារនិងការពារព្រៃឈើ ដោយហេតុនេះអាចផ្លាស់ប្តូរនិងលើកកម្ពស់ការយល់ដឹងរបស់គេ ក្នុងការការពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាម។”