ចលាចលហិង្សាបាន​​ផ្ទុះឡើងនៅជាយក្រុងប៉ារីស

(VOVWORLD) - ចលាចលហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុង Nanterre និងតំបន់ជុំវិញ នៅជាយក្រុងភាគខាងលិចនៃទីក្រុងប៉ារីស កាលពីយប់ថ្ងៃទី ២៧ ខែមិថុនា និងព្រឹកព្រលឹមថ្ងៃទី ២៨ ខែមិថុនា បន្ទាប់ពីប៉ូលីសបានបាញ់សម្លាប់ក្មេងជំទង់អាយុ ១៧ឆ្នាំម្នាក់ ដែលគេជឿជាក់ថា មានកំហុសក្នុងការបើកបររថយន្ត និងមិនគោរពតាមបទបញ្ជារបស់ប៉ូលិស។

ក្រុមបាតុករដោយឯកឯងជាច្រើនក្រុម ដែលភាគច្រើនជាយុវជន បានប្រមូលផ្តុំគ្នានៅមុខប៉ុស្តិ៍ប៉ូលិសទីក្រុង Nanterre ហើយបានបំផ្លិចបំផ្លាញផ្ទាំងប៉ាណូនិងចំណតរថយន្តក្រុង ដុតបំផ្លាញរថយន្ត ធុងសម្រាមនិងសម្ភារសំណង់ បង្កជាអគ្គីភ័យដ៏ធំ។ បាតុករមួយចំនួនបានប៉ះទង្គិចជាមួយកម្លាំងប៉ូលិស។ ក្រសួងមហាផ្ទៃបារាំងត្រូវដាក់ពង្រាយបន្ថែមប៉ូលិស១.២០០នាក់ ប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្រ្កាបនិងឃុំខ្លួនមនុស្សយ៉ាងតិច ២៤នាក់។ ក្នុងសេចក្តីប្រកាសពីស្ថានភាពកាលពីថ្ងៃទី២៨ មិថុនា អភិបាលក្រុង Nanterre លោក Patrick Jarry បានសម្តែងការព្រួយបារម្ភចំពោះរលកថ្មីនៃអំពើហិង្សា៖ “ទីក្រុងរបស់យើងបានក្រោកពីដេកក្នុងការភ្ញាក់ផ្អើល ខូចខាត និងពោពេញទៅដោយការភ័យខ្លាចចំពោះអំពើហិង្សាដែលកំពុងកើនឡើង។ យើងខ្ញុំសូមចែករំលែកដល់គ្រួសារជនរងគ្រោះ យើងចង់បានយុត្តិធម៌ ប៉ុន្តែគួរតែធ្វើដោយសន្តិវិធី។ ទីក្រុងNanterre តែងតែសាមគ្គីគ្នានិងមិនអាចជាប់ក្នុងអំពើហឹង្សាមិនចេះចប់ឡើយ”។

នាថ្ងៃដដែឡនោះ អស្ថេរភាពបានរីករាលដាលទៅតំបន់ជិតខាងជាច្រើនដូចជា Asnières, Colombes, Suresnes, Clichy-sous-Bois ខណៈពេលដែលភាពតានតឹងក៏បានកើនឡើងនៅក្នុងទីក្រុងសំខាន់ៗផ្សេងទៀតដូចជា Nantes, Lille, Lyon និង Toulouse ដើម្បីប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ