ឆែកគឺជាដៃគូអាទិភាពរបស់វៀតណាមក្នុងចំណោមប្រទេសជាមិត្តប្រពៃណី
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រីឆែក Petr Fiala។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ជួបសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រីឆែក Petr Fiala |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់គោលការណ៍ជំរុញខ្លាំងទំនាក់ទំនងជាមួយប្រទេសមិត្តជាប្រពៃណី ក្នុងនោះសាធារណៈរដ្ឋឆែកជាដៃគូអាទិភាព។ លោកនាយករដ្ឋមន្ត្រី Petr Fiala បានអះអាងថា សាធារណៈរដ្ឋឆែកជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ ហើយមានបំណងចង់អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយ៉ាងទូលំទូលាយអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ហើយបាន ឯកភាពកំណត់គោលដៅសម្រេចបានទំហំពាណិជ្ជកម្ម ១ ពាន់លានដុល្លាអាមេរិកសម្រាប់រយៈពេល ១-២ ឆ្នាំខាងមុខ (ឆ្នាំមុនសម្រេចបាន ៨៤៨ លានដុល្លារអាមេរិក) ដោយបន្តអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EU) (EVFTA)។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសាធារណៈរដ្ឋឆែក បន្តមានសំឡេង ដើម្បីជំរុញដល់ប្រទេស EU ផ្សេងទៀតផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ EU-វៀតណាម (EVIPA) នាពេលឆាប់ៗខាងមុខ។
រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រីឆែក Petr Fiala បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសេដ្ឋកិច្ចដ៏មានសក្ដានុពល ហើយមានសហគ្រាសឆែកយ៉ាងច្រើនមានបំណងចង់ពង្រីកការវិនិយោគ និងអាជីវកម្មនៅវៀតណាម។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំង ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យជួយឧបត្ថម្ភយុត្តិធម៌អំពីផ្នែកព្រហ្មទណ្ឌ ការវិនិយោគ និងការអប់រំ។