ឆ្នាំ ២០២២ គឺជាឆ្នាំនៃ “សាមគ្គីភាព វិន័យ សម្របខ្លួនយ៉ាងសកម្ម សុវត្ថិភាព ប្រសិទ្ធភាព ស្តារនិងអភិវឌ្ឍន៍"
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចង្អុលបង្ហាញពីចំណុចភ្លឺស្វាងមួយចំនួនរបស់វៀតណាមក្នុងឆ្នាំមុន ដូចជា៖ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាន ការទូតវ៉ាក់សាំងនិងដំណើរការចាក់វ៉ាក់សាំងត្រូវបានជំរុញខ្លាំង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ Duong Giang/TTXVN) |
ថ្លែងមតិក្នុងសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយបណ្តាតំបន់ នារសៀលថ្ងៃទី ៥ ខែមករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឲ្យដឹងថា៖ រដ្ឋាភិបាលបានទទួលមតិរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ន នានានៅឯសន្និសីទនេះ ដែលបានផ្តល់អនុសាសន៍ដើម្បីបំពេញបន្ថែមលើឯកសារ របាយការណ៍និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តមួយចំនួន សម្រាប់ការផ្សព្វផ្សាយនិងដាក់ពង្រាយអនុវត្តន៍ភ្លាមនៅថ្ងៃដំបូងនៃឆ្នាំ ២០២២នេះ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចង្អុលបង្ហាញពីចំណុចភ្លឺស្វាងមួយចំនួនរបស់វៀតណាមក្នុងឆ្នាំមុន ដូចជា៖ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាន ការទូតវ៉ាក់សាំងនិងដំណើរការចាក់វ៉ាក់សាំងត្រូវបានជំរុញយ៉ាងខ្លាំង។ ថ្វីត្បិតតែពេញមួយឆ្នាំ ២០២១ នេះ GDP កើនឡើង ២.៥៨% ទាបជាងផែនការដែលបានកំណត់ក៏ដោយ ប៉ុន្តែជាកម្រិតដែលអាចទទួលយកបាននៅក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងស្មុគស្មាញជំងឺរាតត្បាតកូវីដ ១៩។ ជាមួយគ្នានោះ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងយ៉ាងល្អ។ ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរថ្មីបានធ្វើឱ្យមានការបោះជំហានដ៏អស្ចារ្យ; ការអភិវឌ្ឍន៍វប្បធម៌ ការធានាសន្តិសុខសង្គម ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានយកចិត្តទុកដាក់។ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ អវិជ្ជមាន និងខ្ជះខ្ជាយត្រូវបានអនុវត្តន៍យ៉ាងខ្លាំង; សកម្មភាពកិច្ចការបរទេសសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន…។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា ឆ្នាំ ២០២២ គឺជាឆ្នាំដ៏សំខាន់ក្នុងការអនុវត្តគោលដៅនៃផែនការ ៥ ឆ្នាំ ២០២១-២០២៥ ហើយរដ្ឋាភិបាលបានកំណត់ឲ្យអនុវត្តន៍គោលដៅនិងភារកិច្ចជាក់ស្តែងក្នុងឆ្នាំ ២០២២ ដោយផ្តោតសំខាន់លើប្រធានបទ “សាមគ្គីភាព វិន័យ ការសម្របខ្លួនយ៉ាងសកម្ម សុវត្ថិភាព ប្រសិទ្ធភាព ស្តារ និងការអភិវឌ្ឍន៍”៕