ជំងឺកូវីដ-១៩ បន្តនិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែឧសភា ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ៥១៧,២លាននាក់ ក្នុងនោះមានករណីស្លាប់ចំណួនជាង ៦,២៧លាននាក់។
បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជននៅទីក្រុង Cucuta ប្រទេសកូឡុំប៊ី។ (រូបថត៖ AFP/TTXVN) |
ដោយឡែកក្នុងថ្ងៃទី៨ ខែឧសភា ពិភពលោកមានប្រទេសនិងដែនដីចំនួន ៧០ បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មី និងមានប្រទេសចំនួន ៣៤ បានកត់ត្រាករណីស្លាប់ដោយសារជំងឺនេះ ធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងប៉ុន្មានសប្តាហ៍មុន ដោយបន្តនិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេបំផុតនៅលើពិភពលោក ដោយមានករណីឆ្លងជំងឺជាង ៨៣.៥ លាននាក់ និងករណីស្លាប់មានចំនួនជាង ១ លាននាក់ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
អឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានករណីឆ្លងជាង ១៩២,៩ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ១,៨ លាននាក់។ ទ្វីបអាស៊ីជាប់ចំណាត់ថ្នាក់ទីពីរ តាមពីក្រោយគឺតំបន់អាមេរិកខាងជើង និងអាមេរិកខាងត្បូង៕